(កំពត)៖ ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅពិសេសខេត្ត សហការជាមួយ​កម្លាំងនគរបាលស្រុក ដែលដឹកនាំដោយលោកអធិការស្រុកដងទង់ តាន់ សារ៉ាវុធ បានឆ្មក់ចូលទីតាំងបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់មួយកន្លែង ដោយឃាត់ខ្លួន​បានជនសង្ស័យ០២នាក់ ក្នុងចំណោមជាច្រើននាក់ រួមនឹងវត្ថុតាងពាក់ព័ន្ធ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃគគី ឃុំទទង់ ស្រុកដងទង់ ខេត្តកំពត។

លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ លី ហេង​ អាយុ៣១ឆ្នាំ(ជាម្ចាស់សង្វៀន​បើក​ជល់​មាន់ខាងលើ) មានទីលំនៅ ភូមិច្រកឃ្លៃ ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត និងឈ្មោះ ហ៊ាង ប្រុស អាយុ៤២ឆ្នាំ (ជាម្ចាស់ទីតាំងសង្វៀនជល់មាន់) មានទីលំនៅ ភូមិ-ឃុំកើតហេតុ។

ក្នុងការបង្ក្រាប កម្លាំងបានរឹបអូសវត្ថុតាង រួមមាន៖ ម៉ូតូជាច្រើនគ្រឿង, មាន់ជល់៦ក្បាល, ស៊ុតមាន់២០, កៅអី៣០, រថយន្តCRV ១គ្រឿង ជារបស់ ឈ្មោះលី ហេង អ្នកបើក​សង្វៀនខាងលើ និងសម្ភារពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

លោក លក ញ៉ាវ បានឲ្យដឹងទៀតថា អ្នកបើកសង្វៀនបញ្ជល់មាន ឈ្មោះ លី ហេង ជាអ្នកជួលដីរបស់ ឈ្មោះ ហ៊ាង ប្រុស ដើម្បីបើកទីតាំងសង្វៀនបញ្ជល់​មាន់ខុស​ច្បាប់នេះ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាង ត្រូវការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនឡើងតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕