(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គេបានឃើញសមត្ថកិច្ចជំនាញរួមមាន កងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្ត និងជំនាញពាក់ព័ន្ធ បានប្រញ៉ាប់ប្រញ៉ាល់ ដោះស្រាយជាបន្ទាន់ករណីក្រុមហ៊ុនចំការអំពៅរបស់វៀតណាមមួយ បានសម្លាប់គោពលរដ្ឋចំនួន៥ក្បាល។
ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងក្រោយពីបានទទួលបទបញ្ជាដាច់ខាតពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថា កម្លាំងជំនាញទាំងអស់ត្រូវស្វែងរកមូលហេតុពិតប្រាកដ សងសំណងជូនពលរដ្ឋវិញ និងចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ កុំឲ្យរួចពីសំណាញ់ច្បាប់។
សូមបញ្ជាក់ថា កាលពីម្សិលមិញ មានករណីសម្លាប់សត្វគោ ស្ថិតក្នុងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យគោរបស់ប្រជាពលរដ្ឋចំនួន៥ក្បាល បានងាប់ និងរបួសរណូករណែល ដោយសារតែក្រុមហ៊ុនចំការអំពៅរបស់វៀតណាម បានយករថយន្តសម្រាប់ចាប់គាបអំពៅដាក់លើឡាន មកចាប់សត្វគាបសត្វគោម្តងមួយៗ បោកសម្លាប់យ៉ាងព្រៃផ្សៃ។
បើតាមសំដីម្ចាស់សត្វគោម្នាក់ ដែលត្រូវបានខាងក្រុមហ៊ុន ចាប់បោកសម្លាប់នេះ បាននិយាយប្រាប់ថា ករណីក្រុមហ៊ុនវៀតណាមខាងលើ បានសម្លាប់សត្វគោរបស់ពួកគាត់នេះ គឺមិនមែនជាលើកទីមួយទេ កាលពីកន្លងទៅក្រុមហ៊ុនវៀតណាមខាងលើ ធ្លាប់បានដេញចាប់សត្វគោអ្នកស្រុកយកលុយ ជាញឹកញ៉ាប់ឲ្យតែសត្វគោទាំងនេះ ចូលក្នុងចំការពៅរបស់គេទោះបានស៊ីអីក៏ដោយ ថែមទាំងប៉ងសម្លាប់ទៀត។
បញ្ហាខាងលើនេះ ភ្នាក់ងារ Fresh News មិនទាន់អាចសុំការបំភ្លឺពីម្ចាស់ក្រុមហ៊ុនចំការអំពៅបាន នៅឡើយទេ ព្រោះខាងក្រុមហ៊ុនបានបិតផ្លូវ មិនឲ្យអ្នកណាបានចូលទីនោះទេ តែទោះជាបែបណាគេជឿជាក់ថាអាជ្ញាធរ នឹងចាត់ការរឿងនេះដោយខ្លាំងក្លាបំផុត ពីព្រោះទង្វើនេះ គឺផ្ទុយពីច្បាប់ទាំងស្រុង៕