(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានថ្លែងថា សមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) នៅថ្នាក់មូលដ្ឋាន ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ និងជម្រុញឲ្យអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព៩ទាំងចំណុច និងបម្រើសេវាសាធារណៈជូនពួកគាត់ឲ្យបានល្អ។ ជាមួយគ្នានេះ មន្រ្តីទាំងអស់ ត្រូវចេះប្រតិកម្មរហ័ស និយាយវាយបកទៅគណបក្សប្រឆាំង ដែលបាននិយាយអាក្រក់ពី CPP ខុសពីការពិត ខណៈដែលគណបក្សខ្លួន មិនដែលបានធ្វើអ្វីសោះជូន ប្រជាពលរដ្ឋតាមមូលដ្ឋាននោះ។
លោក សួស អង្គារ៍ លើកឡើងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំ ខែមករា ឆ្នាំ២០១៧ ដើម្បីពង្រឹងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស នៅទីស្នាក់ការបក្សឃុំអូតាគី ស្រុកថ្មគោល។
លោក សួស អង្គារ៍ បានបញ្ជាក់ថា «បន្ទាប់ពីបានបោះឆ្នោតស្ទាបស្ទង់មតិជ្រើសរើស បេក្ខភាពឃុំទាំង២រួចមក យើងត្រូវចុះធ្វើសកម្មភាព ការងារបក្សនៅតាមខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាលតាមរយៈការចុះចែកមូលនិធី តាមរយៈចុះចែកអំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយក្មេងកំព្រា។ល។»
លោកប្រធានក្រុមការងារ បានសង្កត់ធ្ងន់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនពួកគាត់ ក្នុងករណីធម្មតា ក៏ដូចជា ករណីចាំបាច់ ត្រូវបម្រើជូនពួកគាត់ឲ្យបានលឿននិងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់ បានផងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះក៏ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ពិសេសល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ផង។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រចាំខែមករានេះដែរ សមាជិកបក្សបានឡើងរាយការណ៍ស្តីពីចំណុចខ្វះខាត និងសំណូពរមួយចំនួនដល់ក្រុមការងារ ជួយដោះស្រាយបានភ្លាមៗផងដែរ។
បន្ទាប់មក ប្រធានក្រុមការងារ បានអញ្ជើញចុះតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួន៦៩នាក់ ក្នុងនោះនៅឃុំតាម៉ឺនស្រ្តីសម្រាលកូនមាន២៦នាក់ គ្រួសារអ្នកមរណៈមាន៤នាក់ នៅឃុំអូរតាគី មានស្រ្តីសម្រាលកូន៣២នាក់ និងគ្រួសារអ្នកមរណៈ៧នាក់ ដោយម្នាក់ៗបានទទួល២០ម៉ឺនរៀល ដោយឡែក ស្រី្តសម្រាលកូន៥៨នាក់ ទាំង២ឃុំមានបន្ថែមឃីដ១កញ្ចប់ ជារបស់ប្រើប្រាស់របស់កូនងាមាន៦មុខថែមទៀតផង។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនាឱកាសនោះ ប្រធានក្រុមការងារ ក៏បានជូនថវិកាដល់សមាជិកបក្សមូលដ្ឋាន ដែលអញ្ជើញមកពីឃុំទាំង២ចំនួន៧២នាក់ម្នាក់ៗ ទទួលបាន២ម៉ឺនរៀលសរុបចំនួន១លាន៤សែន៤ម៉ឺនរៀល សម្រាប់អាហារថ្ងៃត្រង់ ព្រមទាំងបានចូលរួមជីកប្រឡាយ១ខ្សែ នៅក្នុងឃុំតាម៉ឺន១លានរៀលទៀត។
ស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកមរណៈទាំងអស់ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំមូលនិធិសម្តេចក្រឡាហោម មកចែកជូនប្រជាពលរដ្ឋរៀងរាល់ខែ ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តនិងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់បានជួបប្រទះគ្រោះធម្មជាតិផ្សេងៗកន្លងមកក៏ដូចជាបច្ចុប្បន្ន។
បន្ទាប់ពីបានថ្លែងអំណរគុណហើយ ពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាក្រុមប្រឹក្សា សង្កាត់នាដើមខែមិថុនាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀត និងបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនិងបានទទួលសុខសន្តិភាពរៀងរហូតតទៅ៕