(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តបាត់ដំបង បានចុះបង្រ្កាប និងចាប់ខ្លួនស្រ្តី២នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន ដកហូតបានម៉ាទឹកកកជិតកន្លះគីឡូក្រាម នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។
តាមរបាយការណ៍ របស់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្ត បានឲ្យដឹងថា ជនសង្ស័យមេក្លោងចែកចាយគ្រឿងញៀននេះ ទី១៖ឈ្មោះ វ៉ា ស៊ីថារ៉េន ហៅអ៊ូក អាយុ៣៧ឆ្នាំ និងទី២៖ឈ្មោះ វោ វុទ្ឋី ហៅ វី អាយុ២៨ឆ្នាំ ក្នុងនោះជំនាញដកហូតបាន គ្រឿងញៀនម៉ាទឹកកក១កញ្ចប់ និងម៉ូតូ១គ្រឿង។
អាវុធហត្ថបញ្ជាក់ថា ដោយបានការអនុញ្ញាតពី លោក ហេង លុយ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញបានឈានទៅឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ វ៉ា ស៊ីថារ៉េន ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង រកឃើញគ្រឿងញៀនម៉ាទឹកកក១៣កញ្ចប់ ទម្ងន់ជិតកន្លះគីឡូក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន២គ្រឿង, ទូរស័ព្ទដៃ៦គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ចាត់ការបន្តតាមច្បាប់៕