(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Worldbridge Land Cambodia ជាមួយក្រុមហ៊ុន Khmer Foundation Appraisal (KFA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ លើគម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យ រវាងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយក៏ជាថ្ងៃដំបូងនៃការបើកឆាកទទួលចុះឈ្មោះ អតិថិជនមានបំណងទិញ «គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យ» ផងដែរ។

ថ្ងៃនេះទៀតសោតក្រុមហ៊ុន Worldbridge Land Cambodia ចង់បញ្ជាក់ទៅសាធារណជនថា ក្រុមហ៊ុន Worldbridge Land Cambodia បានផ្តល់ភ្នាក់ងារសេវាកម្មជូនក្រុមហ៊ុន KFA ក្នុងការទទួលជាភ្នាក់ងារសហការលក់នៃគម្រោងផ្ទះសាធារណ មានតម្លៃសមរម្យនេះ ជូនប្រជាជន ដេលមានចំណូលទាប និងមធ្យម។

លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia បានថ្លែងថា «ក្រុមហ៊ុន Worldbridge Land Cambodia បានតាំងខ្លួនជាអ្នកអភិវឌ្ឍន៍ថាតើត្រូវមានការអភិវឌ្ឍន៍បែបណា ដើម្បីឲ្យសាធារណជន ដែលបានជាវនូវគម្រោងនេះ មានផាសុខភាព ក្នុងការរស់នៅ មានសន្តិសុខ ចំណែកខាងការលក់ ធ្វើយ៉ាងណាឲ្យមានតម្លាភាព យុត្តិធម៌ យើងបានផ្តល់ទៅឲ្យភ្នាក់ងារអ្នកលក់ដើម្បី គោលរពទៅតាមគោលការណ៍របស់ រាជរដ្ឋាភិបាល»

លោកឧកញ៉ា សៀ ឬទ្ធីបន្តថា នៅថ្ងៃនេះដែរ គឺជាថ្ងៃដែលបើកឲ្យអតិថិជនមានបំណងជាវគម្រោងលំនៅឋានមួយនេះ ចុះឈ្មោះ ក្នុងរយៈពេល២សប្តាហ៍ ទៅ២ខែ ដើម្បីពិនិត្យមើលថា អតើថិជនណាម្នាក់មានគ្រប់លក្ខខណ្ឌ ក្នុងការជាវលើគម្រោងមួយនេះ។

ជាមួយគ្នានោះ លោកឧកញ៉ា បានប្រកាសជូនសាធារណជនទាំងអស់ឲ្យបានដឹងថា «ប្រសិនជាសាធារណជន បានលឺសារ នៅក្នុងបណ្តាញសង្គម Facebook ឬបណ្តាញសង្គមផ្សេងៗ សូមកុំឲ្យមានការទទួលស្គាល់ លើកលែងតែព័ត៌មាននោះ គឺជាព័ត៌មានដែលចេញពី ក្រុមហ៊ុន Worldbridge Land Cambodia និងក្រុមហ៊ុន Khmer Foundation Appraisal ដែលអាចជាព័ត៌មានពិត បើបានដឹងលឺព័ត៌មានផ្សេងសុំឲ្យសាធារណជនទាំងអស់ទូរស័ព្ទមកបញ្ជាក់ពីក្រុមហ៊ុនយើងមុននឹង សម្រេចចិត្តធ្វើអ្វីមួយ»

ចំណែក លោក ឧកញ៉ា នួន រិទ្ធី ប្រធានក្រុមហ៊ុន Khmer Foundation Appraisal បានបញ្ជាក់ឲ្យដឹងថាលោកសាទរចំពោះ ប្រជាពលរដ្ឋណា ដែលទទួលបានជោគជ័យ ក្នុងការជាវ គម្រោងលំនៅឋានសាធារណៈមានតម្លៃសមរម្យយកទៅប្រើប្រាស់ ពិតប្រាកដ មិនមែនទិញយកទុក ហើយលក់បន្ត ឬពុះលក់នោះទេ។ឧកញ៉ា នួន រិទ្ធីបន្តថា ក្រុមហ៊ុន នឹងទទួលការចុះឈ្មោះ ប្រជាពលរដ្ឋ ក្នុងមួយថ្ងៃពី១០០នាក់ ទៅ១៥០នាក់រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យហើយគ្មានកាលកំណត់រហូតដល់គ្រប់ចំនួន តាមផែនការ កំណត់របស់ក្រុមហ៊ុន។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Worldbridge Land Cambodia បានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុន លីហួរ វេលុយ និងក្រុមហ៊ុនមេធាវី របស់បណ្ឌិត សុក ស៊ីផាន់ណា ដើម្បីសម្រួលដល់អតិថិជន រាល់ព័ត៌មានផ្លូវច្បាប់ត្រឹមត្រូវ និងការបង់ប្រាក់ ប្រចាំខែតាមរយៈលីហួរ វេលុយ ក្នុងតម្លៃទាបបំផុតនៅកម្ពុជា។

ការចុះអនុស្សរណៈនាពេលនោះ គឺសំដៅទៅលើ កិច្ចសហប្រតិបត្ដិការជាមួយគ្នា ក្នុងការបង្កលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋយើងទោះគាត់កំពុង ស្ថិតនៅក្នុងខេត្ដណាក៏ដោយ គ្រប់២៥ខេត្ដក្រុងមិនចាំបាច់ជិះរថយន្ដមកបង់លុយ នៅភ្នំពេញទេ ដោយគ្រាន់តែបង់តាមរយៈក្រុមហ៊ុន លីហួរ​វេលុយ នៅគ្រប់សាខា ជាការស្រេច ដោយក្នុងការប្រតិបត្ដិការម្ដង លោកអ្នកចំណាយត្រឹមតែ១,៦០០រៀលតែប៉ុណ្ណោះ ដោយគ្រាន់តែវេភ្លាម ថវិកាទាំងនោះ នឹងបញ្ជូនទៅក្នុងគណនេយ្យ របស់ក្រុមហ៊ុន Worldbridge Land ទៅលើតម្លៃផ្ទះដែលខ្លួនបាន ទិញភ្លាមៗ ដោយមិនបាត់សូម្បីតែ មួយកាក់មួយសេនឡើយ ជាមួយនឹងបច្ចេកវិទ្យា ដ៏ទំនើបចុងក្រោយ របស់ក្រុមហ៊ុនយើង។

គួររម្លឹកថា គម្រោងលំនៅឋានសាធារណៈ មានតម្លៃសមរម្យ សម្រាប់គ្រួសារមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មន្ត្រីចូលនិវត្តន៍ ជនពិការ និងប្រជាពលរដ្ឋ មានប្រាក់ចំណូលមធ្យម និងទាប ក្រោមទុនវិនិយោគប្រមាណ៦០លានដុល្លារ នឹងប្រកាសបើកលក់ នៅខែកុម្ភៈនេះហើយ ដែលការិយាល័យលក់ ទីតាំងនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ តាមបណ្ដោយ ផ្លូវជាតិលេខ២ ហើយនឹងបើកលក់​-ទទួល​ពាក្យស្នើសុំទិញលំនៅឋាន និងប្រកាសបើកលក់ជាសាធារណៈ ក្នុងរយៈពេល២ទៅ៣ខែ ខាងមុខបន្ទាប់ពីថ្ងៃបុកគ្រឹះដែល នឹងបញ្ចប់ជាសា្ថពរ នៅចុងឆ្នាំ២០១៨។

ចំនួនផ្ទះដែលត្រូវធ្វើការសាងសង់នោះ មានចំនួន ២,២៩៧ល្វែង ចែកជាពីរប្រភេទ៖

* ផ្ទះប្រភេទទី១ ចំនួន២០២៥ខ្នង៖ ទំហំដី ៤ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ ៤ម៉ែត្រ គុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេងពីរ បន្ទប់ទឹក១
* ផ្ទះប្រភេទទី២ចំនួន២៧២ខ្នង៖ ទំហំដី ៦ម៉ែត្រ គុណ១០.៥ម៉ែត្រ ទំហំផ្ទះ៦ម៉ែត្រគុណ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់គេង៣ និងបន្ទប់ទឹក៣
* លំហរមុខផ្ទះ ១.៥ម៉ែត្រ និងលំហរក្រោយផ្ទះ២ម៉ែត្រ។ ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ តាមរយៈទូរស័ព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០​ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣៕