(ភ្នំពេញ)៖ ប្រធានាធិបតីសហភាពមីយ៉ាន់ម៉ា លោក ធិន ច បានអបអរសាទរ និង ស្ញប់ស្ញែងចំពោះការរីកចម្រើនលើវិស័យសេដ្ឋកិច្ច រួមទាំងវិស័យដទៃទៀតរបស់កម្ពុជា ព្រមទាំងបានស្នើសុំបទពិសោធន៍ដឹកនាំមួយចំនួនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
ការបង្ហាញភាពស្ញប់ស្ញែងចំពោះកំណើនសេដ្ឋកិច្ចនៅកម្ពុជារបស់លោក ធិន ច បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ពេលដែលរូបលោកអញ្ជើញចូលជួបសំណេះសំណាលពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។
ក្នុងជំនួបនោះប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច បានថ្លែងជម្រាបជូនសម្តេចតេជោថា កម្ពុជា កំពុងទទួលបានជោគជ័យលើការអភិវឌ្ឍប្រទេស និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងវិស័យដទៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបបានបញ្ចប់។
លោក ធិន ច ក៏បានគូសបញ្ជាក់ប្រាប់សម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកទើបឡើងកាន់អំណាចបានមួយឆ្នាំប៉ុណ្ណោះ ដូច្នេះបទពិសោធន៍របស់ រាជរដ្ឋាភិបាលកម្ពុជា គឺជាការចាំបាច់សម្រាប់រូបលោក។ ក្នុងន័យនេះ លោក ធិន ច បានស្នើសុំបទពិសោធន៍មួយចំនួនពីសម្តេចតេជោ ហ៊ុន សែន ដើម្បីដឹកនាំប្រទេសរបស់លោក។
បើតាមលោក អ៊ាង សុផ្លែត ក្នុងជំនួបពិភាក្សានោះ ប្រធានាធិបតីមីយ៉ាន់ម៉ា និងសម្តេចតេជោ ហ៊ុន សែន ក៏បានពិភាក្សាផ្តោតជាសំខាន់ទៅលើការ ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ បញ្ហាពាណិជ្ជកម្ម និងទេសចរណ៍ ក៏ជាបញ្ហាដែលប្រមុខដឹកនាំកម្ពុជា និងមីយ៉ាន់ម៉ា ចង់ឲ្យមានការពង្រីកកាន់តែខ្លាំងក្លាថែមទៀត។
សម្រាប់បញ្ហាទេសចរណ៍ លោក ធិន ច ស្នើឲ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ប្រទេសទាំងពីរ បង្កើតកញ្ចប់ទេសចរណ៍សម្រាប់ទីក្រុងសៀមរាបអង្គរ ទៅកាន់ទីក្រុងទេសចរណ៍បាហ្គាន របស់មីយ៉ាន់ម៉ា។
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឲ្យកាន់តែប្រសើរថែមទៀត លោកប្រធានាធិបតីមីយ៉ាន់ម៉ា ចង់ឲ្យមានកម្មវិធីផ្លាស់ប្តូរការសិក្សារវាងសិស្ស និស្សិត នៃ ប្រទេសទាំងពីរឲ្យបានញឹកញាប់។
លោកប្រធានាធិបតីមីយ៉ាន់ម៉ា ក៏បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទាំងឡាយណា ដែលចង់សិក្សាភាសារបស់មីយ៉ាន់ម៉ា ខណៈបច្ចុប្បន្ននេះមានព្រះសង្ឃខ្មែរ ៣អង្គ កំពុងសិក្សានៅប្រទេសភូមា។
ពាក់ព័ន្ធការជំរុញទំនាក់ទំនងប្រទេសទាំងពីរ សម្តេចតេជោ ហ៊ុន សែន មិនចង់ឲ្យការពង្រីកមានត្រឹមវិស័យទេសចរណ៍ និងពាណិជ្ជកម្មនោះទេ សម្តេចចង់ឲ្យមានការពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងវប្បធម៌ប្រទេសទាំងពីរផងដែរ ព្រោះប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា។ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឲ្យមានការពង្រីកទំនាក់ទំនងរវាងកម្ពុជា-មីយ៉ាន់ម៉ា ឲ្យបានកាន់តែប្រសើរថែមទៀតក្នុងក្របខណ្ឌ ACMECS CLMV មេគង្គ និងអាស៊ានជាដើម។
មុនបញ្ចប់កិច្ចសំណេះសំណាលសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញប្រធានាធិបតីមីយ៉ាន់ ឬតំណាងរបស់លោកមកចូលរួមក្នុង វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងខែឧសភា ខាងមុខផងដែរ។
សូមបញ្ជាក់ថាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២ហើយ នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ធិន ច ប្រធានាធិបតី មីយ៉ាន់ម៉ា និងភរិយា ព្រមទាំងគណៈប្រតិភូនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីការជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញទៅអុជធូបនៅទីសក្ការបូជានៅបូជនីយដ្ឋានវត្តភ្នំ។
លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងបន្តដំណើរទៅកាន់ខេត្តសៀមរាបអង្គរនៅរសៀលថ្ងៃដដែលនេះ។ នៅខេត្តសៀមរាប លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ ដែលអមដំណើរដោយអភិបាលខេត្តសៀមរាប លោក ខឹម ប៊ុនសុង នោះ នឹងអញ្ជើញទស្សនាប្រាសាទអង្គរវត្ត រួមនិងប្រាសាទដទៃទៀត។
នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ធិន ច និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ តាមព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប៕