(ភ្នំពេញ)៖ សាលា ប៊ែលធី អន្តរជាតិ ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានរៀបចំកម្មវិធីសិក្សាបន្ថែម «ការយល់ដឹងពីគ្រឿងញៀន» ជូនដល់សិស្សថ្នាក់ទី១១ ចំនួន ១,៥៦៦នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (សាខាទួលស្លែង) ដែលធ្វើបទបង្ហាញដោយ លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តាមរបាយការណ៍របស់លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិ បានឲ្យ ដឹងថា សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗ ចំនួន៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីការអប់រំផ្លូវចិត្ត ទស្សនទាន ព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ដឹងពីគ្រឿងញៀន) ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ) ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះប្ររមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា) ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍(សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ) ទី៥.កម្មវិធី ប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទបង្ហាញ៩ចំណុចសំខាន់ៗផងដែរៈ ១-អ្វីជាគ្រឿងញៀន? ២-ការចែកប្រភេទ នៃគ្រឿងញៀន តាមខ្លឹមសារ ច្បាប់៣- ការចែកប្រភេទ នៃគ្រឿងញៀន តាមឥទ្ធិពល ៤-ប្រវត្តិនៃការផលិតគ្រឿងញៀន ៥-តំបន់ផលិតគ្រឿងញៀន ៦- ការដឹកជញ្ជូន និងចរាចរគ្រឿងញៀន ៧-ផលប៉ះពាល់នៃគ្រឿងញៀន ៨-ការឆ្លើយតប ចំពោះបញ្ហាគ្រឿងញៀន ៩-ការពារខ្លួនពីគ្រឿងញៀន ។
ក្នុងឱកាសនោះផងដែរ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុបទទួលបន្ទុកសាលា ប៊ែលធី អន្តរជាតិ បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ដែលបានឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញ មកធ្វើជាគ្រូឧទ្ទេសនាពេលនេះ។
លោក លី ប៊ុនឆៃ បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបាន ចូលរួមក្នុងកម្មវិធីបន្ថែមនេះ មិនត្រូវសេពគ្រឿងញៀន ត្រូវចៀសឲ្យឆ្ងាយ ពីគ្រឿងញៀន ព្រោះគ្រឿងញៀន នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមាន អសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំង បណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។
លោកក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត ៕