
អាវុធហត្ថខេត្តកំពង់ចាម ចាប់បានមេក្លោងគ្រឿងចែកចាយថ្នាំញៀន និងបក្ខពួក ដកហូតបានថ្នាំញៀនជិត៥០កញ្ចប់
04-02-2017 11:06
(កំពង់ចាម)៖ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឺងត្រង់ ក្រោមការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់បានមេក្លោង ចែកចាយនិងបក្ខពួកសរុប៥នាក់។
លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិចេកឈ្វា ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុប៥នាក់ រួមមាន ទី១៖ឈ្មោះ ថង ហេង អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ ណែប វណ្ណៈ អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ សុខ ជា អាយុ១៦ឆ្នាំ, ទី៤៖ឈ្មោះ គ្រុយ បារាំង អាយុ៣៨ឆ្នាំ និងទី៥៖ឈ្មោះ ឆេង មករា អាយុ៣៤ឆ្នាំ។
លោកមេបញ្ជាការ បញ្ជាក់ថា ក្រោយឃាត់ខ្លួនជំនាញដកហូតបាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ម៉ាទឹកកក៤៨កញ្ចប់, ម៉ូតូ៤គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្ដ៕