(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា វេលាម៉ោង ៧៖០០ព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មាននាវាទេសចរណ៍មួយគ្រឿង ឈ្មោះ AIDA BELLA មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលផ្ទុកភ្ញៀវទេសចរចំនួន ១,៩៥៩នាក់ និងនាវិក ៦១២នាក់ សរុបទាំងអស់ ២,៥៧១នាក់។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបានបន្តថា នាវាទេសចរណ៍ ឈ្មោះ AIDA BELLA នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង៤រសៀល ថ្ងៃនេះដដែល ហើយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយវានាចុះចត លោកបានចាត់ឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនភ្ញៀវផងដែរ។
សូមជម្រាបថា នាវាយក្សនេះ ជានាវាទេសចរណ៍ទី១០ហើយ ដែលចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កម្ពុជា នាដើមឆ្នាំ២០១៧នេះ៕