(បាត់ដំបង)៖ រថយន្តបុកអ្នកជិះម៉ូតូបណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗ នៅកន្លែង២ផ្សេងគ្នា ក្នុងក្រុងបាត់ដំបង នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ហើយក្រោយមក ភាគីរថយន្តទាំង២ បានបើករត់គេចខ្លួនបាត់។

តាមរបាយការណ៍ពីមន្ដ្រីនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង២៣៖១០នាទី នៅចំណុចមុខវត្តដំរីសផ្លូវលេខ៣ មានគ្រោះថ្នាក់១រវាងម៉ូតូ និងរថយន្តបណ្តាលឲ្យស្លាប់បុរសម្នាក់ ក្រោយមករថយន្តដដែលនេះ បានបើករត់ហើយបានបន្តបុករថយន្ត១ទៀត នៅចំណុចមុខសណ្ឋាគារគារស្ទឹងសង្កែ បណ្តាលឲ្យខូចរថយន្តទាំង២ ចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។​

ករណីទី២៖ នៅវេលាម៉ោង២៤កណ្តាលអាធ្រាត្រ នៅចំណុចភូមិព្រៃកូនសេក សង្កាត់អូរចារ មានករណីគ្រោះថ្នាក់ចរាចរណ៍១រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់បុរស២នាក់ នៅកន្លែងកើតហេតុចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ ខណៈពេលយប់ស្ងាត់មិនមានសាក្សីណាបានឃើញឡើយ​។

​បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវតាមស្វែងរកចាប់រថយន្តបង្ក យកមកដោះស្រាយតាមច្បាប់៕