(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញជំហរមិនយល់ស្របចំពោះការប៉ុនប៉ង ធ្វើអន្តរជាតូបនីយកម្មលើបញ្ហា ជនជាតិរ៉ូហ៉ីងយ៉ា ហើយចាត់ទុកថា បញ្ហានេះ គឺជាបញ្ហាផ្ទៃក្នុងរបស់ មីយ៉ាន់ម៉ា។ នេះបើតាមការអះអាងរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើ Facebook របស់លោក នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយដក់ស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «យើងខ្ញុំ មិនយល់ស្របលើការប៉ុនប៉ងធ្វើអន្តរជាតូបនីយកម្មបញ្ហា រ៉ូហ៊ិញយ៉ា ទេ ហើយចាត់បញ្ហានេះជាបញ្ហាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដែលធម្មនុញ្ញអាស៊ានហាមឃាត់ការលូកដៃពីសមាជិកអាស៊ានផងគ្នា»។
សូមបញ្ជាក់ថា ការបង្ហាញជំហររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឡើងក្នុងជំនួបជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក ធិន ច នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈដែលលោក ធិន ច បានធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៤ថ្ងៃ៕