(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៧ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំក្រុមអន្តរាគមន៍ ចុះបាញ់ថ្នាំនៅភូមិសំបួរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង ក្រោយមានសេចក្ដីរាយការណ៍ថា មានផ្ទុះឡើងនូវជំងឺអ៊ុតក្ដាម។
លោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីករណីផ្ទុះ ជំងឺអ៊ុតក្តាមនោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលមានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្ត ជាការិយាល័យជំនាញ បានដឹកនាំកម្លាំងចុះទៅពិនិត្យ និងព្យាលបាលគោ ក្របីជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកបន្តថា កម្លាំងពេទ្យសត្វរបស់លោក និងនៅប្រចាំការដើម្បីតាមដានសភាពការ នៃការផ្ទុះជម្ងឺ និងបាញ់ថ្នាំសម្លាប់មេរោគនៅតាមគ្រលគោ នេះបន្តទៀត ជាពិសេសនៅព្យាបាលជូនរហូតដល់គោ ក្របី ជាទាំងអស់ ដោយក្នុងការចុះទៅពិនិត្យ ព្យាបាល និងបង្ការ ទប់ស្កាត់នោះជាលទ្ធផលបាញ់១៥៧ខ្នងផ្ទះ ចាក់ថ្នាំ ព្យាបាលសត្វ១៩ក្បាល ផ្តួលសត្វលាបថ្នាំប្លឺមេទីឡែន បាន២៣ក្បាល និងចែកថ្នាំប្លឺមេទីឡែនបានអស់៤០លីត្រ។
ជាមួយគ្នានោះ លោកបានណែនាំអំពីរបៀបថែរក្សា អនាម័យសត្វ ការព្យាបាលជូនដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់គោផងដែរ៕