(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក អ៉ឹង សុងលាភ អ្នកគ្រប់គ្រងផលិតកម្មហង្សមាស បានចេញមុខបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ខុសការពិត របស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលបានរិះគន់ធ្ងន់ៗចំពោះក្រុមហ៊ុន និងបានលើកឡើងថា ការចាកចេញរបស់នាង នាពេលនេះគឺដោយសារ ក្រុមហ៊ុនមិនបានចេញ Solo អាល់ប៊ុមឲ្យរូបនាង។
ឆ្លើយតបនឹងការលើកឡើងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ថាអស់រយៈពេលជាង១១ឆ្នាំ ផលិតកម្មមិនបានធ្វើអ្វីល្អចំពោះរូបនាង, ត្រូវបានលោក អ៉ឹង សុងលាភ ប្រតិកម្មទៅវិញយ៉ាងដូច្នេះថា «តើតារាចម្រៀង ឈិត សុវណ្ណបញ្ញា មានកេរ្តិ៍សព្វថ្ងៃនេះដោយសារអ្នកណា, តើ១១ឆ្នាំមុន នាងនៅឯណា ហេតុអ្វីចាំបាច់រិះគន់ និងប្រមាថកន្លែង ដែលធ្លាប់ផ្តល់ការភាពល្បីល្បាញ និងកេរ្តិ៍ដល់នាងទៅវិញ»។
លោក អ៉ឹង សុងលាភ បានបន្តថ្លែងប្រាប់យ៉ាងដូច្នេះថា៖ «ពេលដែលគាត់មិនទាន់ចូលហង្សមាស ដើរច្រៀងតាមកន្លែងផ្សេងៗ គឺប្រៀបដូចជាក្មេងកំព្រា ម្នាក់ដែលគ្មានទីពឹង បន្ទាប់ពីយើងយកគាត់មកកាន់ផលិតកម្ម យើងបានចិញ្ចឹមបីបាច់ថែរក្សា បានធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរពីអ្វីដែល គេមិនដែលស្គាល់ និងមិនមានទ្រព្យធន ធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទាំងប្រទេស។ យើងបានចិញ្ចឹមបីបាច់រយៈពេល១១ឆ្នាំ តើការចំណាយទាំងថវិកា និងសម្ភារៈយ៉ាងណា។ ហេតុអ្វីនៅពេលគាត់ចាកចេញពីកន្លែង ដែលធ្លាប់ចិញ្ចឹមបីបាច់គាត់ បែរជាគាត់មករិះគន់វាយប្រហារ តើគុណសម្បត្តិអស់ រយៈពេល១១ឆ្នាំកន្លងមកនេះ បែរជាទទួលបានពាក្យវាយប្រហារប្រមាថ យកទោសសងគុណយ៉ាងដូច្នេះទៅវិញ តើគាត់គិតយ៉ាងមិចដែរ?។
«ពិសេសជាងនោះទៅទៀត នៅពេលដែលគាត់ចាកចេញពីទ្រនំ ទីដែលបង្ហាត់បង្រៀនដល់រូបគាត់ បែរជាមិនបានមកជួបដើម្បីលា និងមិនបានប្រាប់អំពី បញ្ហាអ្វីដែរ, គ្រាន់តែសរសេរសំបុត្រមួយច្បាប់សុំឈប់ចប់តែម្តង។ ទោះបីយ៉ាងណាយើងគោរពតាមការសម្រេចចិត្តរបស់គាត់ ហើយជូនពរគាត់ទទួលបាន ជោគជ័យបន្ថែមទៀត» នេះបើតាមសម្តីលោក អ៉ឹង សុងលាភ បន្ថែមប្រាប់យ៉ាងដូច្នេះ។ លោកបានអះអាងទៀតថា រាល់ការលើកឡើងរបស់នាង គឺជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរ។
ឆ្លើយតបនឹងបញ្ហាចេញអាល់ប៊ុមថ្មី លោកបានបន្ថែមថា ក្រុមហ៊ុនមិនបាននិយាយថា មិនចេញ Solo អាល់ប៊ុមឲ្យទេ គ្រាន់តែក្រុមហ៊ុនត្រូវចំណាយ ពេលក្នុងការផលិត ហើយត្រូវសិក្សាឲ្យបានច្រើន និងសិក្សាលើទីផ្សារផងដែរ តើគួរធ្វើបែបណា ព្រោះចំនូន១០បទ មិនមែនធ្វើក្នុងរយៈពេល ក្នុងមួយថ្ងៃអោយហើយទេ សំរាប់បទនិពន្ធភ្លេងថ្មី។
ទោះបីយ៉ាងណាអ្នកដឹកនាំផលិតកម្មហង្សមាសរូបនោះបានព្រលយនូវសុភាសិកមួយឃ្លាថា «ផឹកទឹកត្រូវនឹកដល់ប្រភពដើមផង»។
សូមជំរាបថា ការប្រតិកម្មខ្លាំងៗពីសំណាក់ផលិតកម្មហង្សមាស នៅពេលនេះធ្វើឡើងបន្ទាប់ពីមានអ្នកគាំទ្រកញ្ញា ឈិត សុវណ្ណបញ្ញា បានរិះគន់ធ្ងន់ៗដល់ផលិតកម្ម ហង្សមាស ស្របពេលដែលតារាចម្រៀងរូបនោះ ប្រកាសផ្តាច់ខ្លួនចេញពីផលិតកម្មនេះជាផ្លូវការ ក្រោយពីជ្រកក្រោមដំបូលផលិតកម្មអស់រយៈពេល ជាង១១ឆ្នាំមកនោះ៕