(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបណ្តេញចេញ អធិការរងនគរបាលស្រុកស្អាង និងមន្រ្តីនគរបាល២នាក់ទៀត ពីក្របខ័ណ្ឌ ដោយមូលហេតុ ពួកគេបានបោះបង់ចោលការងារ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេច ស ខេង ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧នេះ។
សេចក្តីប្រកាសនេះ បានបញ្ជាក់ថា មន្រ្តីនគរបាលជាតិទាំង៣រូប ដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌរួមមាន: ទី១- លោកអនុសេនីយ៍ទោ ភក្តី វិទូ អធិការរងនគរបាលស្រុកស្អាង ទី២- អនុសេនីយ៍ទោ ឆៃ សីុណា នាយផ្នែកអន្តោប្រវេសន៍ស្រុកស្អាង និងទី៣- លោកអនុសេនីយ៍ត្រី ឃាង សុងថេង នាយរងផ្នែកពិនិត្យ និងវិភាគកន្លែងកើតហេតុ ស្រុកស្អាង។
បើតាមការសម្រេចរបស់សម្តេចក្រឡាហោម មន្រ្តីនគរបាលទាំង៣រូបនេះ លែងមានប្រាក់បៀវត្ស និងរបបផ្សេងៗ ចាប់ពីខែមីនា ឆ្នាំ២០១៧នេះតទៅ។
មន្រ្តីនគរបាលខេត្តកណ្តាលម្នាក់ បានលួចបង្ហើបថា មូលហេតុដែលសំខាន់នាំឲ្យ បណ្តេញចេញមន្រ្តីនគរបាលទាំង៣រូបនេះ ពីក្របខ័ណ្ឌ គឺជាប់ពាក់ព័ន្ធការវាយប្រជាពលរដ្ឋរហូតស្លាប់ ដោយចោទថា បានប្រព្រឹត្តបទល្មើសប្លន់៕