(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតហើយ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោមការដឹកនាំពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបន្តចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរាចំនួន៣៦គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗ។
សកម្មភាពមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះដែរ បានធ្វើនៅល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវិហ៊ាឥស្លាម គីឡូម៉ែត្រលេខ៧ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុម២ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។ ដោយមានការចូលរួមពីលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ រួមនិងមន្ត្រីក្រោមឱវាទ ខណ្ឌ-សង្កាត់ និងក្រុមយុវជន ជាច្រើននាក់ផងដែរ។
លោក ជា ពិសី អភិបាលខ ណ្ឌឫស្សីកែវ និងលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានលើកឡើងស្រដៀងៗគ្នាថា ជាថ្មីម្ដងទៀតហើយ ដែល ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំយកនូវអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺសម្រាប់ចែកជូនចំពោះតែបងប្អូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឫមានផ្ទុកមេរោគជាដើម។
លោក ជា ពិសី បានថ្លែងថា ពិសេស ជានិច្ចជាកាលសម្ដេចតែងតែផ្ដាំផ្ញើសាកសួរសុខទុក ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់ពូជសាស ពណ៍សម្បុរ ឫនិន្នាការនយោបាយឡើយ តាមរយៈអាជ្ញាធរខណ្ឌ រហូតមកដល់សង្កាត់ និងភូមិ ពីព្រោះសុខទុករបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុករបស់លោកទាំង២។
លោកអភិបាលខណ្ឌ បានបញ្ជាក់យ៉ាងច្បាស់ថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចឲ្យសោះ ត្រូវតែនាំគ្នាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង ហើយកុំភ័យ កុំខ្លាច ហើយត្រូវពិនិត្យមើល និងសម្រេចចិត្តបោះឆ្នោតជ្រើសរើស ឲ្យបានច្បាស់លាស់ត្រឹមត្រូវ ថា តើអ្នកណាផ្ដល់ទាំងការអភិវឌ្ឍន៍ មានទាំងសុខសន្តិភាព ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឥតឈប់ឈរជាបន្តបន្ទាប់ដូចបច្ចុប្បន្ននេះ។
លោកបញ្ជាក់ថា អំណោយដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានយកមកចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំង៣៦គ្រួសារ នាពេលនេះរួមមាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរស្មើ១០កំប៉ុង ឃីត១ (មានក្រម៉ា១ សារុង១ ម៊ុង១ ភួយ១ និងអាវយ៉ឺត១) រួមនិង ថវិកាចំនួន៣ម៉ឺនរៀល៕