(ភ្នំពេញ)៖ នៅវេលាម៉ោង៩៖១០យប់ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក U Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា រួមទាំង គណៈប្រតិភូមីយ៉ាម៉ា បានចាកចេញពីព្រះបរមរាជវាំងហើយ ដោយតម្រង់ទៅកាន់សណ្ឋាគារអ៊ីនធើខនវិញ ក្រោយបញ្ចប់ពិធីលៀងសាយភោជន៍ ជាមួយព្រះមហាក្សត្រខ្មែរ និងថ្នាក់ដឹកនាំរបស់កម្ពុជា។
លោក U Htin Kyaw ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា រួមទាំង គណៈប្រតិភូមីយ៉ាម៉ា បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ នៅព្រះបរមរាជវាំង រយៈពេលជាង២ម៉ោង ចាប់តាំងពីម៉ោង ៧យប់ថ្ងៃទី០៣ ខែកុម្ភៈនេះ បន្ទាប់ពីលោក បានចំណាយពេលកន្លះថ្ងៃ ក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា សម្រាប់ថ្ងៃទី១។
លោកប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា បានដឹកនាំគណៈប្រតិភូមកដល់កម្ពុជា នៅវេលាម៉ោងប្រមាណ១១៖២០នាទីព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ ហើយលោកក៏បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់សណ្ឋាគារអ៉ិនធើខន ទីកន្លែងសម្រាប់របស់លោកនៅរាជធានីភ្នំពេញ។
សូមជំរាបថា ប្រធានាធិបតីមីយ៉ាន់ម៉ា និងភរិយា ព្រមទាំងដឹកនាំគណៈប្រតិភូ បានជួបសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចប្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ហើយបន្តធ្វើដំណើរទៅកាន់ស្តូបវិមានឯករាជ្យ ដើម្បីគោរពវិញ្ញាណក្ខន្ធ មុនពេលត្រឡប់ទៅកាន់សណ្ឋាគារ៕