(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយស្តីពីការគ្រប់គ្រង និងកំណត់ប្រាក់បៀវត្សរ៍សម្រាប់មន្រ្តីរាជការ និងបុគ្គលិក ដែលបំពេញភារកិច្ចនៅតាមស្ថានទូតរបស់កម្ពុជាប្រចាំ តាមបណ្តាប្រទេសនានា។ អនុក្រឹត្យថ្មីនេះ មានការដំឡើងប្រាក់បៀវត្សរ៍ច្រើនជាងមុនបន្តិច ដើម្បីជួយលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ និងបុគ្គលិក ដែលបំពេញការងារនៅតាមស្ថានទូតបរទេស។
អនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រង និងការកំណត់បៀវត្សរ៍ សម្រាប់មន្រ្តីរាជការ និងបុគ្គលិកបំពេញការងារតាមស្ថានទូតនៅបរទេសមាន ៥ជំពូក ស្មើនិង ១៩មាត្រា។ តាមអនុក្រឹត្យថ្មីនេះ ឯកអគ្គរាជទូតខ្មែរ មន្រ្តីរាជការ ក៏ដូចជាបុគ្គលិកបំពេញការងារនៅបណ្តាប្រទេសជឿនលឿននៅតំបន់អឺរ៉ុប រួមនិងអាស៊ីមួយចំនួនផងដែរ ទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងគេ។
ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា ឯកអគ្គរាជទូតខ្មែរ ដែលបំពេញការងារនៅអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង ជប៉ុន និងកូរ៉េខាងត្បូងជាដើមនោះ ទទួលបានប្រាក់បៀវត្សរ៍ ៣២០០ដុល្លារអាមេរិក។ ក្រៅពីការផ្តល់ប្រាក់បៀវត្សរ៍ហើយនោះ ក្នុងអនុក្រឹត្យនេះ ក៏មានផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗមួយចំនួនទៀត សម្រាប់ឯកអគ្គរាជទូតខ្មែរ ដែលបំពេញការងារនៅក្រៅប្រទេសផងដែរ។
អនុក្រឹត្យបានបញ្ជាក់ដែរថា ឯកអគ្គរាជទូត ត្រូវបានអនុញ្ញាតឲ្យកប្រពន្ធ ឬប្តី ព្រមទាំងកូនក្នុងបន្ទុក ដែលមានអាយុក្រោម ១៨ឆ្នាំ ទៅតាមដោយរដ្ឋជួយឧបត្ថម្ភរ៉ាប់រងសំបុត្រយន្តហោះថ្នាក់ជំនួញ សម្រាប់ពេលធ្វើដំណើរទៅកាន់តំណែងដំបូងនៅបរទេស និងសំបុត្រយន្តហោះថ្នាក់ធម្មតា ពេលចប់អាណត្តិត្រូវវិលត្រឡប់មកប្រទេសវិញ។ សម្រាប់មន្រ្តី និងបុគ្គលិកថ្នាក់ផ្សេងទៀត ត្រូវទទួលបានការរ៉ាប់រងសំបុត្រយន្តហោះថ្នាក់ធម្មតា ពីរដ្ឋដើម្បីធ្វើដំណើរទៅកាន់តំណែងដំបូងនៅបរទេស និងត្រូវវិលត្រឡប់មកប្រទេសវិញពេលចប់អាណត្តិ។
បើតាមមន្រ្តីទូតខ្មែរម្នាក់ បានឲ្យដឹងថា បើគិតចាប់តាំងពីឆ្នាំ១៩៩៦មក មានរយៈពេលប្រមាណ ២០ឆ្នាំហើយ ទើបមានការដំឡើងប្រាក់បៀវត្សរ៍នេះ។ មន្រ្តីទូតខ្មែរ បានឲ្យដឹងដែរថា កម្ពុជា មានស្ថានទូត និងស្ថានអគ្គកុងស៊ុលនៅបរទេសចំនួន ៣៨។
ព័ត៌មានលំអិតសូមអានអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលទើបនឹងចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧៖