(ភ្នំពេញ)៖ លោក សុខ សាធ អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ហើយបច្ចប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានទទួលមរណភាពហើយនៅវេលាម៉ោង ៥៖៣០នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយរោគាពាធ ក្នុងជន្មាយុ៧៥ឆ្នាំ។
សពលោក សុខ សាធ ត្រូវបានក្រុមគ្រួសារតម្កល់ និងប្រារព្ធធ្វើពិធីបុណ្យតាមគន្លងព្រះពុទ្ធសាសនា នៅផ្ទះលេខ៧៤ ផ្លូវ១៦០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការទទួលមរណភាពរបស់លោក សុខ សាធ គឺជាការបាត់បង់ស្វាមី ឳពុក ជីតា នៃក្រុមគ្រួសាររបស់លោក ដែលលោក សុខ សាធ គឺជាព្រឹទ្ធាចារ្យ ជាបញ្ញវន្តមួយរូប មានចំណេះដឹងខ្ពង់ខ្ពស់ និងធ្លាប់បានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើរការស្វែងរកសន្តិភាពរបស់កម្ពុជា ពីព្រោះលោកគឺជា អតីតអ្នកកាទូតជើងចាស់មួយរូបដែរ ដែលបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីបុព្វហេតុសង្គមនាពេលកន្លងមក។
សូមវិញ្ញាណក្ខន្ធរបស់លោក សុខ សាធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕