(ភ្នំពេញ)៖ សមាគមចក្ខុខ្មែរ នៅថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា សហការរយៈពេល៥ឆ្នាំ ជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ការព្យាបាលជំងឺភ្នែកដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ។ ពិធីចុះអនុស្សារណៈនេះនឹងធ្វើឡើងរវាង លោក ង៉ូវ ស្រ៊ុន ស្ថាបនិកនៃសមាគមចក្ខុខ្មែរ និងលោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង។បន្ថែមពីនេះ សមាគមសេវាសុខាភិបាលភូមិខ្ញុំក៏នឹងចុះហត្ថលេខាលើអនុស្សារណៈជាមួយសមាគមចក្ខុខ្មែរផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានតំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាព នៃពិធីចុះអនុស្សារណៈទាំងពីរនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានគូសបញ្ជាក់ថា៖ «ក្រសួងសុខាភិបាលប្តេជ្ញាផ្តល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងជាពិសេសសហគមន៍ក្រីក្រ»។
ទន្ទឹមនឹងនេះដែរ លោកសាយ សំអាល់ បានមានប្រសាសន៍ថា៖ «សហភាពសហព័ន្ធយុវជនកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនិងសហការជាមួយសមាគមចក្ខុខ្មែររួមទាំងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្តល់ការព្យាបាលជូនប្រជាជនដែលត្រូវការវះកាត់ភ្នែកទាំងអស់និងលើកទឹកចិត្តផ្ទេរចំណេះដឹងបច្ចេកវិទ្យា និងជំនាញពីក្រុមអ្នកជំនាញបរទេសមកកាន់គ្រូពេទ្យនិងសិស្សានុសិស្សរបស់កម្ពុជា»។ លោក សាយ សំអាល់បានបន្ថែមថា ការចុះអនុស្សារណៈនេះនឹងធ្វើឱ្យប្រសើរឡើងថែមទៀតនូវស្ថានភាពប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ដែលកំពុងមានបញ្ហាងងឹតភ្នែក។
លោកបណ្ឌិត ធន់ វឌ្ឍនា នាយកប្រតិបត្តិនៃសាលាជាតិកសិកម្មព្រែកលាប បានមានប្រសាសន៍ថា៖ «វិស័យសុខាភិបាលនិងវិស័យអប់រំជាកត្តាអាទិភាពក្នុងការអភិវឌ្ឍសង្គមកម្ពុជា»។ លោកបន្ថែមថា ក្នុងនាមជាគណៈនាយកសមាគមចក្ខុខ្មែរ និងជានាយកប្រតិបត្តិនៃសាលាជាតិកសិកម្មព្រែកលាបលោកនឹងព្យាយាមឱ្យអស់ពីលទ្ធភាពដើម្បីប្រមូលអ្នកជំងឺឱ្យបានច្រើនបំផុតជាពិសេសអ្នកជំងឺដែលមានជីវភាពក្រលំបាកពីតំបន់ជនបទដាច់ស្រយាល។
គួររំលឹកថាសមាគមចក្ខុខ្មែរ បានផ្តល់ការព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែកទូទៅនិងជាពិសេសប្រជាពលរដ្ឋក្រីក្រចាប់តាំងពីឆ្នាំ២០០៧មក។ នៅឆ្នាំ២០១៦សមាគមបានផ្តល់ការពិនិត្យព្យាបាលភ្នែកទូទៅនិងផ្តល់ថ្នាំចំនួន៥ម៉ឺនករណីនិងបានផ្តល់វ៉ែនតាការពារកំដៅថ្ងៃចំនួន២ម៉ឺន៥ពាន់ ដល់ប្រជាកសិករក្រីក្រដើម្បីកាត់បន្ថយនិងការពារជំងឺភ្នែក។បន្ថែមពីនេះសមាគមបានវះកាត់អ្នកជំងឺមានបញ្ហាភ្នែកបានចំនួន៦ពាន់៣រយករណី។
លោក ង៉ូវ ស្រ៊ុន ស្ថាបនិកនៃសមាគមចក្ខុខ្មែរបានឱ្យដឹងថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាចំនួន៦ពាន់នាក់ បានងងឹតភ្នែកដោយសារជំងឺភ្នែកឡើងបាយប៉ុន្តែការព្យាបាលជំងឺនេះក្រុមគ្រូពេទ្យចំណាយពេលតែ២០នាទីប៉ុណ្ណោះដើម្បីព្យាបាល។
លោក ង៉ូវ ស្រ៊ុន ក៏បានកោតសរសើរចំពោះការចូលរួមរបស់លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង លោកសាយសំអាល់ និងលោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង។
សូមបញ្ជាក់ថាបច្ចុប្បន្នសមាគមចក្ខុខ្មែរ បាននិងកំពុងធ្វើការជាមួយយុវជនស្ម័គ្រចិត្តដែលមកពីសហភាពសហព័ន្ធយុវជនកម្ពុជាសកលវិទ្យាល័យសុខាភិបាល និងសាលាជាតិកសិកម្មព្រែកលាប។
លោកង៉ូវស្រ៊ុនបានបញ្ជាក់ថា៖ «ធ្វើការជាមួយនឹងលោកវេជ្ជបណ្ឌិតលូលីឃាងព្រមទាំងក្រុមការងារនៅមន្ទីរពេទ្យទាំងមូល នឹងធ្វើឱ្យសមាគមចក្ខុខ្មែរអាចផ្តល់ការវះកាត់ជូនអ្នកជំងឺក្រីក្រនៅកម្ពុជាកាន់តែច្រើន»។
លោកបន្ថែមថា៖ «អគារចក្ខុថ្មីរបស់មន្ទីរពេទ្យអង្គឌួងនិងធនធានមន្ទីរពេទ្យនឹងអនុញ្ញាតឱ្យក្រុមការងារសមាគមផ្តល់ការវះកាត់ភ្នែកបានច្រើនជាង៥ពាន់ករណី។
ពិធីចុះអនុស្សារណៈនេះ ត្រូវបានមើលឃើញថាជាជំហ៊ានដ៏សំខាន់មួយឆ្ពោះទៅរកទិសដៅកាត់បន្ថយជំងឺភ្នែកឡើងបាយនៅប្រទេសកម្ពុជា។
លោកង៉ូវស្រ៊ុនបន្តថា៖ «នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅកាន់គោលដៅរបស់យើងដែលនឹងផ្តល់ការវះកាត់អ្នកជំងឺភ្នែកចំនួន១ម៉ឺនករណីក្នុងឆ្នាំ២០១៧»។សមាគមចក្ខុខ្មែរ នឹងរៀបចំកម្មវិធីវះកាត់ចំនួន២៤សប្តាហ៍ដោយមានការចូលរួមពីវេជ្ជបណ្ឌិតជំនាញនិងសហការីស្ម័គ្រចិត្តមកពីប្រទសអូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ប្រ៊ុយណេ និងអ៊ីតាលី ជាដើម។
គួរកត់សំគាល់ថា ប្រជាជនកម្ពុជាប្រមាណ១៨ម៉ឺននាក់ ដែលគេដឹងថាងងឹតភ្នែកហើយភាគច្រើនបំផុតនៃអ្នកទាំងនោះគឺជាអ្នកក្រីក្រដែលមិនអាចប្រកបការងារដើម្បីចិញ្ចឹមជីវិតខ្លួនឯង និងក្រុមគ្រួសារបានឡើយ។
បើតាមការសិក្សាស្រាវជ្រាវស្ត្រីគឺជាអ្នកដែលមានជំងឺភ្នែកឡើងបាយច្រើនជាងបុរសទ្វេដង ដែលនឹងប៉ះពាល់យ៉ាងធំធេងចំពោះកម្ពុជា។ តែយ៉ាងណាក៏ដោយអ្នកជំនាញផ្នែកភ្នែកបានអះអាងថា៩០ភាគរយនៃអ្នកជំងឺងងឹតភ្នែកទាំងអស់អាចបញ្ចៀសបាន៕