(សៀមរាប)៖ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនអ៉ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរាផ្ទាល់ដោយផ្តោតសំខាន់ លើដំណើរការនៃការជួសជុលសារមន្ទីរព្រះនរោត្តមសីហនុអង្គរ និងការដាក់ឲ្យដំណើរការឡើងវិញនូវសារមន្ទីរ ក្រោយការជួសជុលរួចរាល់។
លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួយជ្រោមជ្រែងក្នុងកិច្ចអភិរក្សវប្បធម៌នៅអង្គរជាពិសេស គឺកិច្ចការជួសជុលសារមន្ទីរនៅពេលនេះ។ លោកបាន បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាពេញចិត្តចំពោះសមិទ្ធផលដ៏ល្អប្រសើរនេះ ហើយអាជ្ញាធរជាតិអប្សរា នឹងពិភាក្សាជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីរិះរកវិធីសាស្ត្រយ៉ាងណាទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទស្សនាសារមន្ទីរនេះ កាន់តែច្រើន ក្រោយពីជួសជុលរួចរាល់។ ជាមួយគ្នានេះ អគ្គនាយកក៏បានស្នើឲ្យក្រុមហ៊ុនអ៉ីអុងពិចារណាជួយជួយជួសជុល ចំណុចមួយ ចំនួនទៀត ដែលមិនមានក្នុងកិច្ចព្រមព្រៀង។
ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុនអ៉ីអុង លោក ហាយ៉ាស៊ី ណាអុគី បានសម្តែងនូវការពេញចិត្តចំពោះដំណើរការជួសជុល ដែល មានការវិវឌ្ឍទៅមុខជាលំដាប់។ លោកបញ្ជាក់ថា ដំណើរការជួសជុលនេះ មិនចោទជាបញ្ហាអ្វីនោះទេ តែអ្វីដែលយើងគិត គឺការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាសារមន្ទីរឲ្យបានក្រោយពីការជួសជុលរួចរាល់។
សារមន្ទីរព្រះនរោត្តមសីហនុអង្គរ បានកសាងឡើងនៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វ៊ីយ៉ា ដោយ «មូលនិធិនៃក្លឹប១%» របស់ក្រុមហ៊ុនអ៉ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញក្នុងពេលសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១ នៅប្រាសាទ បន្ទាយក្តី។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦មក ក្រុមហ៊ុនអ៊ីអុង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាសម្រេចធ្វើការ ជួសជុលកែលម្អឡើងវិញ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការងារជួសជុលនេះ មូលនិធិក្លឹប១%នៃក្រុមហ៊ុនអ៊ីអុងទទួលបន្ទុកចំណាយទាំងស្រុង លើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។
អាជ្ញាធរជាតិអប្សរាទទួលបន្ទុកដឹកជញ្ជូនចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួលការងារផ្សេងៗ និងចូលរួម ជួសជុល ចំណុចផ្សេងៗទៀតតាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យសូហ្វ៊ីយ៉ា នឹងទទួលបន្ទុកផ្តល់ប្រឹក្សាលើ ការងារជួសជុល និងលើដំណើរការពិព័រណ៍សារមន្ទីរបន្ទាប់ពីជួសជុលហើយ៕