(ភ្នំពេញ)៖ លោក សុខ សប្បាយណា ប្រធានក្រុមការងារសម្របសម្រួល ឈីងហ្គេ (Chingay) និងជាសមាជិកគណៈកម្មាធិការកណ្តាល នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំក្រុមសិល្បករសិល្បការិនីចំនួន៧៥រូប ទៅចូលរួមសម្តែងសិល្បៈប្រពៃណីទម្រង់ ជារបាំអប្សរា ,ល្ខោនស្បែកធំ ,គុណល្បុកតោ និងការដាក់តាំងបង្ហាញសម្ភារៈសិល្បៈ កញ្ឆែ ក្រោមប្រធានបទ «សុខដុម្យរមនា ក្នុងភាពភាពចម្រុះវប្បធម៌» ដែលនឹងចាប់ផ្តើមពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាធារណរដ្ឋសិង្ហបុរី។
លោកថ្លែងបែបនេះ ក្នុងសន្និសីទកាសែតនៅថ្ងៃរសៀលថ្ងៃទី០៣ ខែកុម្ភៈនេះ ស្តីពីការ «ចូលរួមរបស់កម្ពុជាក្នុង ព្រឹត្តិការណ៍មហាស្រពជាតិ-ឈីងហ្គេ» របស់សាធារណៈរដ្ឋសិង្ហបុរី ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី ។
លោកបន្ដទៀតថា «ភាពចម្រុះនៃសិល្បៈ និងចលនាទាំងនេះរួមគ្នាបង្កើតបានជារបាំដ៏អស្ចារ្យមួយ ដោយប្រមូលផ្តុំនូវអត្តសញ្ញាណ សាមគ្គីភាព និងកម្លាំង របស់ប្រជាជនកម្ពុជា ដែលជាខែលយ៉ាងរឹងមាំ ដើម្បីការពារ និងលើកតម្កើងភាពរុងរឿងនៃវប្បធម៌ និងអរិយធម៌បុរាណ របស់ប្រទេស ហើយ សហភាពសហព័ន្ធយុវជនកម្ពុជាយើង បានចុះអនុស្សារណៈជាមួយសមាគមប្រជាជនសិង្ហបុរី ក្នុងការផ្លាស់ប្តូរវប្បធម៌គ្នា។ យុវជន មានតួនាទីក្នុងកាចូលរួមថែរក្សាវប្បធម៌ អរិយធម៌ និងមរតក ដែលដូនតាបានបន្សល់ទុកឲ្យ ពិសេសការទៅចូលរួម ព្រឹត្តិការឈីងហ្គេ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ បង្ហាញពិភពលោក និងបង្កើនទំនាក់ទំនងមិត្តភាព ជាមួយមិត្តអន្តរជាតិ ក្នុងភាពសុខដុមវប្បធម៌ចម្រុះ ដើម្បីនាំមកនូវការអភិវឌ្ឍន៏ក្នុងភាពរុងរឿង»។
លោកបន្ដថា «ឈីងហ្គេ» ជាព្រឹត្តិការណ៍ដង្ហែព្យុហយាត្រាធំជាងគេនៅអាស៊ី ដែលរៀបចំឡើងរៀងរាល់ឆ្នាំដោយ សមាគមប្រជាជននៃសាធារណរដ្ឋសិង្ហបុរី ។ ហើយបើតាមការគ្រោងទុកពិធីនោះនិងមានការចូលរួមសម្តែងពីសំណាក់ក្រុមសិល្បៈ ជាតិប្រមាណ១៥០ស្ថាប័ន និងបណ្តាសិល្បៈករ សិល្បៈការិនី មកពីបណ្តាប្រទេសនានា លើពិភពលោកចូលរួមសម្តែងប្រមាណ១ម៉ឺននាក់ផ្សេងទៀត ក្នុងការរួមគ្នាសម្តែងសិល្បៈ ចម្រុះ ជាតិសាសន៍ ដ៏អស្ចារ្យនេះ៕