(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានលោក អ៊ឹម ឈុនលឹម ជាប្រធាននោះបានសម្រេច ច្រានចោលបណ្ដឹងរបស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការលុបឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីចំនួន២៣បណ្ដឹង ទៀតហើយ ។ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំ ពិនិត្យនិងពិភាក្សានៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់លោក សែម សុផាត លោក ខា សិលា លោក ហេង សារ៉េត លោក នួ សាវុធ លោក អ៊ុ សាវ៉ាន លោក ហ៊ាន ផា លោក ហ៊ាន ហ៊ាញ លោក ជុំ សែម លោកស្រី ង៉ែត សុភាព លោកស្រី សន ភារម្យ លោក ហង្ស ចក្រី លោក ទុយ សុភ័ណ្ឌ លោក ម៉ក់ ហន ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិនោះ ទាមទារលុប ឈ្មោះជនបរទេស ដែលអះអាងថាជាវៀតណាម ពុំមានឯកសារឫភស្ដុតាងណាមួយ ដែលអាចឲ្យក្រុមប្រឹក្សា ធម្មនុញ្ញបដិសេធ សេចក្ដីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននោះឡើយ។

លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាសេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាចទាំងអស់ ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវការ ដោះស្រាយបណ្ដឹងរបស់គណបក្សសង្ក្រោះជាតិ ឲ្យលុបឈ្មោះជនបរទេស មួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ មកដល់ត្រឹមថ្ងៃទី០៣ ខែកុម្ភៈនេះ បណ្ដឹងចំនួន ៤៦បណ្ដឹងហើយ ត្រូវបានដោះស្រាយ។

បើតាមមន្រ្តីក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា មានបណ្ដឹងទាំងអស់ ចំនួន៦០បណ្ដឹង ដែលត្រូវបានបញ្ជូនមកឲ្យក្រុមប្រឹក្សា ធម្មនុញ្ញដោះស្រាយ ។បណ្ដឹងទាំងអស់នេះ គឺសុទ្ធសឹងជាបណ្ដឹង របស់គណបក្សសង្គ្រោះជាតិ៕