(បន្ទាយមានជ័យ)៖ ក្រោយពីទទួលបានការបញ្ជាក់ពីលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថា នឹងសាងសង់អាគារ សិក្សា១ខ្នង អាគារស្នាក់សម្រាប់គ្រូ១ខ្នង និងជួយជួសជុលផ្លូវថ្នល់រួចមក ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងមូលដ្ឋានឃុំទួលពង្រ ស្រុកម៉ាឡៃ មានការសប្បាយរីករាយយ៉ាងខ្លាំង។
ការចុះជួយប្រជាពលរដ្ឋខាងលើ ត្រូវបានធ្វើឡើងក្នុងឱកាស ចុះដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅសាលាបឋមសិក្សា ស្ថិតក្នុងភូមិអរកេស ឃុំទួលពង្រ ស្រុកម៉ាឡៃ។
លោកអភិបាលខេត្តបានថ្លែងថា «ខណៈពេលប្រជាពលរដ្ឋ កំពុងជួបការលំបាក ក្នុងនាមខ្ញុំជាអភិបាលខេត្ត ត្រូវតែដោះស្រាយជូនភ្លាមៗ»។
លោក សួន បវរ បានផ្តល់អគារសិក្សាប្រក់ក្បឿងចំនួន ១ខ្នង ដែលជាអំណោយរបស់ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដល់សាលារៀនអូរកេស និងជួយសាងសង់អគារ១ខ្នងទៀត សម្រាប់លោកគ្រូ-អ្នកគ្រូស្នាក់នៅ ក្នុងអនុវិទ្យាល័យតាគង់ ស្ថិតក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ដែលជាអំណោយរបស់លោកផ្ទាល់។ ក្រៅពីអំណោយទាំងនេះ លោកក៏បានរ៉ាប់រងជួយជួសជុលផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង៣,០០០ម៉ែត្រ នៅក្នុងភូមិអូរកេស ឃុំទួលពង្រ សម្រាប់សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
មិនត្រឹមតែប៉ុណ្ណោះ លោកអភិបាលខេត្តក៏បានចែកជូនអំណោយដល់ប្រជាពលរដ្ឋចំនួន ១៦៣នាក់ ម្នាក់ទទួលបានសារ៉ុង១, លោកគ្រូ-អ្នកគ្រូ៤នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា២ម៉ឺនរៀល, សិស្សានុសិស្សចំនួន ១១៥នាក់ ក្នុងម្នាក់ទទួលបានប៊ិច២ដើម សៀវភៅ៥ក្បាល ថវិកា២ពាន់រៀល, ប្រជាពលរដ្ឋក្រីក្រ១២នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល, និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ជូនដល់លោកគ្រូ-អ្នកគ្រូ ដែលចូលរួម១៩នាក់ និងប្រជាការពារភូមិម្នាក់ ទទួលបានសារ៉ុង១ ព្រមទាំងបានផ្តល់ម៉ាស៊ីនបូមទឹក ១គ្រឿង ដល់សាលារៀនអូរកេសផងដែរ៕