(ពោធិ៍សាត់)៖ បន្ទាប់ពីមកដឹកនាំខេត្តពោធិ៍សាត់ បានជាង២ឆ្នាំនេះ លោក ម៉ៅ ធនិន បានសម្រេចសាងសង់រង្វង់មូលផ្លូវបំបែកជា៥ ច្រមុះជ្រូកផ្សារចាស់ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាច្រើនបានរួចរាល់ ជាពិសេសសួនច្បារប្របតាមមាត់ស្ទឹង ក្នុងជំហ៊ាន១ ហើយលោកនឹងសាងសង់ផ្លូវថ្មើរជើងប្របតាមមាត់ស្ទឹង ចាប់ពីសួនច្បារខាងមុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សួនច្បារខាងត្បូងអគ្គិសនីខេត្ត ក្នុងជំហ៊ាន២បន្ថែមទៀត។
ជាក់ស្តែងនាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក ម៉ៅ ធនិន បានដឹកនាំក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ នៃការឈូសឆាយបើកផ្លូវថ្មើរជើង ប្របតាមមាត់ស្ទឹងប៉ែកខាងលិច បន្តពីសួនច្បារខាងមុខផ្សារថ្មីពោធិ៍សាត់ រហូតដល់សួនច្បារខាងត្បូងអគ្គិសនីខេត្ត ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដើរលំហែកម្សាន្តស្រូបយកខ្យល់អាកាស និងហាត់ប្រាណតាមមាត់ស្ទឹងកាន់តែមានភាពងាយស្រួល ជាពិសេសលើកមុខមាត់ខេត្តបានមួយកម្រិតទៀត។ ជាងនេះទៅទៀត បើផ្លូវថ្មើរជើងនេះស្ថាបនាហើយ លោកនឹងរៀបចំដាក់ភ្លើងអំពូលសូឡាបំភ្លឺផងដែរ។
លោកអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដីចំណីស្ទឹងបន្តិចបន្តួច សូមមេត្តាយោគយល់អធ្យាស្រ័យ ដើម្បីផលប្រយោជន៍រួម និងចូលរួមសហការលើកស្ទួយកែលំអរទីក្រុងស្អាតទាំងអស់គ្នា ឈានទៅប្រកួតប្រជែងជាមួយខេត្តក្រុងដទៃទៀត។
លោកអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ខេត្តពោធិ៍សាត់មានភ័ព្វសំណាងណាស់ ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវកៅស៊ូ១០ខ្សែ ដើម្បីផ្លាស់ប្តូរពីផ្លូវគ្រួសក្រហម ទៅផ្លូវកៅស៊ូពីរជាន់ ប្រវែង ១២៥,៥គីឡូម៉ែត្រ ដោយឲ្យមន្ទីរអភិវឌ្ឍន៍ជនបទសិក្សាពីតម្រូវការជាក់ស្តែង ចាប់ពីឆ្នាំ២០១៧នេះតទៅ។
បងប្អូនប្រជាពលរដ្ឋ បានគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការដឹកនាំ គ្រប់គ្រង ប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់របស់លោក ម៉ៅ ធនិន ហើយក៏សង្ឃឹមថា ខេត្តពោធិ៍សាត់នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័ស មិនចាញ់ខេត្តដទៃ។ គួរបញ្ជាក់ផងដែរថា ផ្លូវថ្មើរជាងតាមមាត់ស្ទឹងនេះ ជាសមិទ្ធផលថ្មីមួយទៀត បន្ថែមពីលើសមិទ្ធផលទាំងឡាយផ្សេងទៀត ដែលបានកសាងរួចក្នុងទឹកដីខេត្តពោធិ៍សាត់។
ជាមួយគ្នានោះ លោកអភិបាលខេត្តបានបន្តចុះពិនិត្យ និងសម្របសម្រួលដោះស្រាយផលប៉ះពាល់ ផ្លូវក្នុងក្រុងចំនួន ៨ខ្សែ ប្រវែងជិត៥គីឡូម៉ែត្រ ដែលបាននឹងកំពុងស្ថាបនាក្រាលកៅស៊ូអ៊ុតបេទីមីន័រ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ អនុវត្តន៍ការស្ថាបនាដោយ ក្រុមហ៊ុន Mekong Royal Construction សហការជាមួយក្រសួងសាធារណ: និងដឹកជញ្ជូន ដែលបានចាប់ផ្តើមស្ថាបនា ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ៕