Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពិសេសមែននៅខេត្តកំពង់ស្ពឺ! នគរបាលចាប់អ្នកជិះម៉ូតូមិន​ពាក់មួក​សុវត្ថិភាព តែមិនឲ្យ​បង់ពិន័យ ត្រឹមអប់រំ​ពីច្បាប់ និងផ្ដល់​មួកជូន​ម្នាក់មួយ​ថែមទៀត

03-02-2017 16:29

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដឹកនាំកម្លាំងនគរបាលចម្រុះ ចុះពង្រឹងច្បាប់ចរាចរណ៍តាមដងផ្លូវ និងចាប់ឃាត់អ្នកជិះម៉ូតូណា ដែលមិនគោរពច្បាប់ តែអ្វីដែលពិសេសនោះ ក្រោយចាប់ម៉ូតូល្មើសបានហើយ កម្លាំងនគរបាលមិនត្រឹមតែមិនឲ្យពលរដ្ឋបង់ពិន័យប៉ុណ្ណោះទេ ថែមទាំងផ្ដល់មួកសុវត្ថិភាពពាក់ជូនពួកគាត់ម្នាក់មួយៗ ដោយឥតគិតថ្លៃថែមទៀតផង។

លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឲ្យដឹងថា «ការអនុវត្តលើកនេះខុសពីលើកមុន ដោយលើកមុន ចាប់ពួកគាត់បានហើយ តម្រូវឲ្យទិញមួកសុវត្ថិភាពជាថ្នូរ មិនទទួលការផាកពិន័យឡើយ ប៉ុន្តែពេលនេះ កម្លាំងនគរបាលចាប់ពួកគាត់បានហើយ ធ្វើការណែនាំ អប់រំ កុំឲ្យមានលើកក្រោយទៀត ហើយនគរបាលពាក់មួកជូនគាត់ម្នាក់មួយៗ ដោយមិនទាមទារកម្រៃ ឬថវិកាពីពួកគាត់ឡើយ»

លោកស្នងការ បានបន្តថា ជំហ៊ាននៃការចុះអប់រំលើកទី១នេះ ស្នងការដ្ឋាននគរបាលខេត្ត បានត្រៀមមួកសុវត្ថិភាពជាង១០០មួក ទុកសម្រាប់ពាក់ជូនពួកគាត់ ក្រោយអប់រំគាត់រួចរាល់។ សកម្មភាពបែបនេះ ស្នងការដ្ឋាននគរបាលខេត្ត បានអនុវត្តន៍គ្រប់ផ្លូវទូទាំងខេត្ត ដើម្បីផ្តល់សញ្ញាជូនប្រជាពលរដ្ឋ ឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា មុនពេលសមត្ថកិច្ចចាប់រឹតបន្តឹងទៅលើពួកគាត់។

សូមជម្រាបថា សកម្មភាពអនុវត្តន៍ច្បាប់ខាងលើ ជាសកម្មភាពលើទីមួយ ក្នុងប្រត្តិបត្តិការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលបាននាំមួកសុវត្ថិភាពទៅចែកជូន​ប្រជាពលរដ្ឋ បន្ទាប់ពីធ្វើការអប់រំរួច៕