(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖៣០នាទី រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាកសវនការ និងលើកពេលដោយមិនកំណត់ ចំពោះសវនាការជំនុំជម្រះ រឿងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់។
មន្រ្តីតុលាការបាននិយាយថា ការសម្រេចលើកពេលនេះ ដោយសារតែមានសំណូមពរពីអ្នកស្រី ទេព វន្នី ដោយគាត់ថា មិនស្រួលខ្លួនមានអាការៈអស់កម្លាំង បន្ទាប់ពីនាំពីពន្ធនាគារទៅដល់សាលាដំបូង ភ្លាមៗ។ យ៉ាងណាក៏ដោយ បន្ទាប់ពីសម្រេចផ្អាកនេះ តុលាការក៏បានបញ្ជូនអ្នកស្រី ទេព វន្នីទៅកាន់ពន្ធនាគារព្រៃសវិញផងដែរ។
សូមបញ្ជាក់ អ្នកស្រី ទេព វន្នី ត្រូវបានចោទពីបទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ក្បែរវិមានឯករាជ្យ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣។
អ្នកស្រី ទេព វន្នី ត្រូវបានចាប់ខ្លួន កាលពីថ្ងៃចន្ទ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ជាមួយសកម្មជនដីធ្លីម្នាក់ទៀតគឺអ្នកស្រី បូវ សោភា អំឡុងពេលអ្នកទាំងពីរចូលរួមការប្រមូលផ្ដុំធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ ប៉ុន្តែក្រោយមក អ្នកស្រី បូវ សោភា ត្រូវបានដោះលែងវិញ ក្រោយអនុវត្តទោស លើកលែងតែអ្នកស្រី ទេព វន្នី ដែលគាត់ជាប់ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ៕