(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យផ្លូវក្រាលក្រួសក្រហម មួយខ្សែប្រវែង១០,៦៦៥គ.ម ទទឹង៥ម៉ែត្រ សាងសង់ដោយប្រើប្រាស់ សហហិរញ្ញប្បទានឥតសំណងរវាង រដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងកម្ពុជា តភ្ជាប់ពីភូមិតាំងគ្រួស ទៅភូមិសំបុកគ្រៀល ឃុំក្រាំងល្វាស្រុក សាមគ្គីមានជ័យ និងផ្ល្លូវក្រាលក្រួសក្រហមចំនួន៤កំណាត់ផ្សេងទៀត សរុបប្រវែង៩ ៦២០ម៉ែត្រ។
ផ្លូវទាំង៤កំណត់នោះមាន៖ កំណាត់ទី១មានប្រវែង១,១២០ម៉ែត្រ ស្ថិតនៅក្នុងភូមិក្ដុលមានជ័យ និងភូមិសុខសែនជ័យឃុំឈូក និងឃុំពាម ,ទី២ មានប្រវែង ៤ ៤៥០ម៉ែត្រ ស្ថិតនៅភូមិខ្សាច់ និងភូមិក្ដុលមានជ័យឃុំក្រាំងល្វា និងឃុំស្វាយជុក,ទី ៣ មានប្រវែង ៣ ៣៥០ម៉ែត្រ ស្ថិតនៅភូមិសុខសែនជ័យ និងភូមិគីរីអភវឌ្ឍន៍ក្នុងឃុំពាម និងឃុំឈានឡើង និងកំណាត់ទី ៤មានប្រវែង ៧០០ម៉ែត្រ ស្ថិតនៅភូមិឈានឡើង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសចុះពិនិត្យផ្លូវនេះ លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា ក្នុងការអនុវត្តការងារសាងសង់ផ្លូវវគ្គទី១ ពីឆ្នាំ ២០១៥ -២០១៦ ដដែលនេះក្រសួងក៏បានស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST បានប្រវែង ២៣.១០០គីឡូម៉ែត្រ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំផងដែរ ។ ដោយឡែកសម្រាប់វគ្គទី២ ២០១៦-២០១៧ បាននឹងកំពុងដំណើរការស្ថាបនាផ្លូវ សរុបប្រវែង ៣១,៣៧២ គីឡូម៉ែត្រ នៅស្រុកចិត្របូរី ខេត្តក្រចេះ និងស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។
លោករដ្ឋមន្ត្រីក៏បានបង្ហើបទៀតថា កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជនបទជំហានទី៤ ដែលជាគម្រោងសហហិរញ្ញប្បទាន ឥតសំណងរវាងរដ្ឋាភិបាល អាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) មាន១១លានអឺរ៉ូ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមាន១.១លានអឺរ៉ូ ស្មើនឹង១០% សម្រាប់បដិភាគលើការសាងសង់ផ្លូវ នៅខេត្តគោលដៅចំនួន៤ គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ដោយឡែកសម្រាប់ការងារថែទាំផ្លូវ រាជរដ្ឋាភិបាលកម្ពុជាមាន ៣.៣លានដុល្លារអាមេរិកទៀត សម្រាប់អនុវត្ត៣ឆ្នាំរំកិល២០១៨-២០២០ នៅខេត្តគោលដៅទាំង១២ គឺខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ៕