(ភ្នំពេញ)៖ ភ្លាមៗក្រោយបទថ្មី «ស្នេហ៍ឯកា» របស់លោក ព្រាប សុវត្ថិ បានចេញ MV ជាផ្លូវការមានអ្នកគាំទ្រជាច្រើនពេញចិត្តជាខ្លាំងលើបទចម្រៀង និងសាច់រឿងដ៏ជក់ចិត្ត និងកំសត់មួយនេះ។ ដំណើរសាច់រឿងនៃ MV «ស្នេហ៍ឯកា» ហាក់នៅមិនទាន់អាចបំពេញចិត្ត របស់អ្នកគាំទ្របានទាំងស្រុង នៅឡើយទេ។ ដោយសារតែពួកគាត់ចង់ឲ្យក្រុមហ៊ុន រស្មីហង្សមាស ថតវគ្គបន្តទៀត ដើម្បីបញ្ចប់សាច់រឿងនេះ ហើយឲ្យតួអង្គទាំងពីរបានជួបគ្នា។
បើអ្នកទស្សនាបានមើល MV បទចំរៀងមួយនេះ នឹងយល់ថា ហេតុអ្វីបានជាអ្នកគាំទ្រភាគច្រើនចង់ឲ្យថតវគ្គបន្ត នៅក្នុងសាច់រឿងមួយនេះ?
អ្នកគាំទ្រនៅលើ Facebook ម្នាក់បានពិព័ណនាឲ្យដឹងថា «សាច់រឿងនៃចំរៀង១បទនេះ ស្តាប់ហើយមើលហើយ គឺញ៉ុកដើមទ្រូងខ្ញុំបាត់។ ប្រសិនបើសាច់រឿងនេះ នៅមានវគ្គបន្ត សុំឲ្យអ្នកដឹងនាំក្រុមហ៊ុន ហង្សមាស និងអ្នកដឹងនាំសម្តែងឲ្យតួអង្គទាំងពីនាក់នេះបានជួបគ្នា។ តែត្រូវឲ្យខាងតួឯកស្រី មករកលោក ព្រាប សុវត្ថិ ដល់ស្រុកស្រែចំការ ពេលគាត់កំពុងធ្វើស្រែជាមួយម្ចាស់របស់គាត់ដ៏កំសត់របស់គាត់។ ហេតុអី្វ? ព្រោះតួអង្គស្រីមិនពេញចិត្ត នឹងតួអង្គទី៣នោះទេ បញ្ជាក់តួអង្គទី៣ ចិត្តគាត់មិនស្មោះទេ។ ព្រោះឃើញភ្លាមចាប់ដៃអោបភ្លាម»។
បទ «ស្នេហ៍ឯកា» គឺជារឿងពិតដែលកើតឡើង ក្នុងសង្គមបច្ចុប្បន្ន ដូច្នេះកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានយកមកបកស្រាយ និងសម្តែងដើម្បីឱ្យ មនុស្សគ្រប់រូបបានយល់ពី តម្លៃនៃសេចក្តីស្នេហា ការលះបង់ សម្រាប់មនុស្ស ដែលខ្លួនស្រលាញ់។ ពិតជាកំសត់មែន ប៉ុន្តែសាច់រឿងមួយនេះ ហាក់ដូចជា នៅមិនទាន់ដល់ទីបញ្ចប់នៃសាច់រឿងនៅឡើយទេ ហាក់ដូចជា អ្នកនិពន្ធបន្សល់ទុកនៅចម្ងល់ជាច្រើនទៀតជូនអ្នកទស្សនា។
តើក្រុមហ៊ុនរស្មីហង្សមាស នឹងថតវគ្គបន្ត ដើម្បីបញ្ចប់សាច់រឿងមួយនេះ ទៅតាមតម្រូវការរបស់អ្នកគាំទ្រស្នើសុំ ឬយ៉ាងណា ក្រោយមានការសំណូមពរ?។ MV ថ្មីរបស់លោក ព្រាប សុវត្ថិ «ស្នេហ៍ឯកា» ទោះបីជាទើបចេញជាផ្លូវការ ប៉ុន្តែសន្ទុះនៃការគាំទ្របទចំរៀងមួយបទនេះ មានការគាំទ្រខ្លាំងលើសពីការរំពឹងទុក៕