(បាត់ដំបង)៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់ ឈ្មោះ GERHARD DEUTSCH អាយុ៤១ឆ្នំា ក្រោយចេញពីប្រទេសថៃ មកស្នាក់នៅ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រយៈពេល៣ថ្ងៃរួចមក បានអាដៃខ្លួនឯងក្នុងបន្ទប់ស្នាក់នៅ បណ្ដាលឲ្យហូរឈាមយ៉ាងច្រើនជិតនឹងស្លាប់ តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ហើយមូលហេតុនោះមិនមែនមកពីសេពគ្រឿងញៀនោះទេ តែមានជំងឺសរសៃប្រសាទ។
លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការនគរបាលក្រុងបាត់បង បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ជនបរទេសខាងលើ បានមកស្នាក់នៅក្រុងបាត់ដំបង លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ បានសង្ងំក្នុងបន្ទប់តែម្នាក់ឯង ហើយបានយកផ្លែឡាមមកអាកំភួនដៃទាំងសងខាងខ្លួនឯង ដោយឈាមប្រឡាក់បន្ទប់ដេក តែរបួសមិនធ្ងន់ធ្ងរ និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ក្រោយដឹងរឿងបែបនេះហើយ កម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងបង្រ្កាបខេត្តបាត់ដំបង បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង។
មូលហេតុដែលជនបរទេសខាងលើអាដៃខ្លួន គឺដោយសារប្រព័ន្ធសរសៃប្រសាទ របស់គាត់មិនប្រក្រតី ហើយលេបថ្នំារំងាប់អារម្មណ៍ជាប្រចាំ។ បច្ចុប្បន្ន ជនបរទសខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង៕