(ភ្នំពេញ)៖ សំណុំរឿងគ្រឿងញៀន ម៉ាទឹកកកប្រមាណ៣គីឡូក្រាម និងថ្នាំប្រភេទ WY ជាង១០ម៉ឺនគ្រាប់ ដែលមានមេក្លោង និងបក្ខពួកសរុប៧នាក់ (ជនជាតិបរទេស និងខែ្មរ) នឹងត្រូវតុលាការប្រកាសសាលក្រម នៅដើមខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់សវនាការ កាលពីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។

កាលពីល្ងាចម្សិលមិញ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី ឋាវរៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកយកសំណុំរឿងជួញដូរសារធាតុញៀន ដ៏ធំមួយនេះ យកមកជំនុំជម្រះដោយមានជនជាប់ចោទ ជាជនបរទេស និងខ្មែរសរុប៧នាក់ ក្នុងនោះក៏មានឈ្មោះ ថាវ ថាវី អតីតមេក្លោងលក់គ្រឿងញៀន ដ៏ល្បីដែលនាំឲ្យអតីត​ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ធ្លាក់ពីតំណែងនៅក្នុងសំណុំរឿងនេះផងដែរ។

មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារ Fresh News ថា ជនជាប់ចោទទាំង៦នាក់ទៀត រួមមាន៖ ទី១-ឈ្មោះ ឌី ធូរ៉ា អាយុ៣២ឆ្នាំ​ ទី២-ឈ្មោះ ស៊ិន រដ្ឋា អាយុ​៣៧ឆ្នាំ​ ទី៣-ឈ្មោះ សួន សៅ អាយុ៤៥ឆ្នាំ ទី៤-ឈ្មោះ យ៉ាំង លាង អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ទី៥-ឈ្មោះ SERGIO BANTO អាយុ​៤១ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៦-ឈ្មោះ OKEKEAMAE CHISEMUEL អាយុ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា។

ប៉ុន្តែអ្វីដែលធ្វើឲ្យមានចាប់អារម្មណ៍នោះ នៅក្នុងសវនាការ តុលាការបានបង្ហាញលិខិតមួយចំនួន ពីសមត្ថកិច្ចដែលស្នើឲ្យបញ្ឈប់ដីកាចាប់ខ្លួនឈ្មោះ ថាវ ថាវី ព្រោះអះអាង​ថាឈ្មោះនេះ ជាភ្នាក់ងាររបស់សមត្ថកិច្ច ក្នុងការស្រាវជ្រាវបទល្មើសគ្រឿងញៀនទៅវិញ។

តំណាងអយ្យការ លោក គុច ​គឹមឡុង បានសន្និដ្ឋាន និងសូមឲ្យតុលាការផ្តល់ស្ថានសំរាល ដល់បរុសខ្មែរ៣នាក់នេះ ដែលបានសហការ ជាមួយសមត្ថកិច្ច និងតុលាការ។ ចំណែកបុរស នីហ្សេរីយ៉ាពីរនាក់ និងវៀតណាមម្នាក់ សូមឲ្យតុលាការផ្តន្ទាទោសតាមផ្លូវច្បាប់។

ទោះជាយ៉ាងណា លោកចៅក្រម អ៊ី ឋាវរៈ បានសម្រេចលើកពេលប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ៕