Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា បានបើក​សម្ពោធ​ជាផ្លូវការ ក្រោយ​ក្រសួង​មហាផ្ទៃ​សម្រេចចុះ​ឈ្មោះក្នុងបញ្ជីNGO

03-02-2017 13:35

(ភ្នំពេញ)៖ អង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា(PRC) បានបើកសម្ពោធឲ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះក្នុងបញ្ជីអង្គការមិនមែនរាជរដ្ឋាភិបាល។

អង្គការថ្មីស្រឡាងមួយនេះ បង្កើតឡើងក្នុងគោលបំណងជួយកុមារដែលរស់នៅ តាមទីសាធារណៈដើម្បីធ្វើសមាហរណកម្មទៅក្នុងគ្រួសាររបស់ពួកគេវិញ ជួយពួកគេឲ្យកែប្រែផ្លូវចិត្ត តាមរយៈការសិក្សាអប់រំ និងការផ្សាយដំណឹងល្អ ផ្តល់ជាថ្នាំ និងការព្យាបាលដល់កុមារ យុវជន ប្រជាពលរដ្ឋទូទៅ ដោយមិនគិតថ្លៃនៅតាមសហគមន៍ក្រីក្រ។

ក្រៅពីនោះ អង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា ក៏មានគោលបំណង ផ្តល់ឲ្យកុមារ និងប្រជាពលរដ្ឋទូទៅ នូវការសិក្សា បណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ជីវភាពខ្លួនឯង ឧបត្ថម្ភស្បៀង សម្ភារៈប្រើប្រាស់ ថវិកា និងសេវាថែរក្សាសុខភាពដល់កុមារ និងមនុស្សចាស់ជរា ការការពារ និងលើកកម្ពស់សិទ្ធិប្រជាពលរដ្ឋរងគ្រោះ ឲ្យទៅជាប្រជាពលរដ្ឋថ្លៃថ្នូរនៅក្នុងសង្គម ផ្តល់ឱកាសឲ្យពួកគេបានរៀនអាជីព តាមរយៈការហ្វឹកហាត់ ពិគ្រោះបញ្ហារបស់ប្រជាពលរដ្ឋគ្រប់រូបដើម្បីបំបែកភាពឯកោ និង រកដំណោះស្រាយ។

លោក ជូរ ម៉េងចាន់ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា លោកសាទរចំពោះអង្គការ គម្រោង ជួយសង្រ្គោះកុមារកម្ពុជា ដែលបានបើកសម្ពោធដំណើរការជាផ្លូវការនៅកម្ពុជានាពេលនេះ ហើយលោកក៏សុំអរគុណ ដល់អ្នកផ្តួចផ្តើមបង្កើត អង្គការនេះឡើងផងដែរ បើទោះបីជាលោកជាជនបរទេសក៏ដោយ។

លោក ជូរ ម៉េងចាន់ រំពឹងថា អង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា នឹងជួយដល់កុមារកម្ពុជា មនុស្សចាស់ជរា និង ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា ឲ្យមានភាពល្អប្រសើរឡើងវិញ។

ជាមួយគ្នានោះដែរ លោកស្រី យឹម សុខលី ប្រធានអង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា បានលើកឡើងថា ទោះបីជា លោកស្រី មានវ័យក្មេងខ្ចីយ៉ាងណាក៏ដោយ ប៉ុន្តែលោកស្រី រួមនឹងក្រុមការងារ នឹងខិតខំប្រឹងប្រែងធ្វើឲ្យ អង្គការគម្រោង ជួយសង្រ្គោះកុមារកម្ពុជា(PRC) ដំណើរការល្អនៅកម្ពុជា។

អង្គការគម្រោងជួយសង្រ្គោះកុមារកម្ពុជា ទទួលបានការឧបត្ថម្ភគាំទ្រពីលោក អាដាម គ្រីស្តូហ្វឺ វាយធីងតុន ប្រធានក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់ និងលោក ឌីន។ ថ្នាក់ដឹកនាំទាំងពីររូបសុទ្ធសឹងជាជនបរទេស ដែលមានឆន្ទៈ ជួយដល់កម្ពុជា ឲ្យមានការរីកចំរើន និងអភិវឌ្ឍន៍ទៅមុន។ PRC គ្រោងនឹងបង្កើតទីស្នាក់ការ នៅរាជធានីភ្នំពេញ និងដំណើរការ លើគម្រោងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ៕