(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី១ខ្សែ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ មានប្រវែង ៤៥០ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ។
នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវបេតុងថ្មី ដែលទើបបានស្ថាបនារួចនាពេលនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាក របស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕