(ប៉ៃលិន)៖ នៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក វ៉ន វាសនា ដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ ចុះធ្វើការបង្ក្រាបភ្លាមៗនៅកន្លែងកើតហេតុ ករណីមានជនមួយក្រុម បានផឹកស្រាស្រវឹងហើយ យកដំថ្មគប់លើរថយន្តតាមដងផ្លូវជាតិលេខ ៥៧ ត្រង់ចំណុចស្ពានតារាប ស្ថិតក្នុងភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថា ជនប្រមឹកផឹកស្រាស្រវឹងម្តងៗ តែងតែធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើរថយន្តកំពុងឆ្លងដំណើរទៅវិញទៅមកតាមដងផ្លូវជាតិលេខ៥៧ ក្រោយមានពាក្យបណ្តឹងពីម្ចាស់យានយន្ត រហូតកម្លាំងនគរបាលយើងស្រាវជ្រាវ និងពួនលាក់ចាំសង្កេតមើលរហូតចាប់បាន៤នាក់ ។
សមត្ថកិច្ចបន្តទៀតថា ជនប្រមឹក៤នាក់ មានឈ្មោះ៖ ទី១ ឈ្មោះ សុខ វិន អាយុ២០ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ទី២ ឈ្មោះ សៅ ពុទ្ធារ៉ា អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ទី៣ ឈ្មោះ ប៉ុច ឡៃកុង អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងទី៤ ឈ្មោះឃុត ប្រុស (ហៅឡិក) អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរច្រាកណ្តាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស៊ើបអង្កេតបន្ត រកបក្សពួកបន្ថែមទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕