(ភ្នំពេញ)៖ ធនាគារឯកទេសវីង បានបន្តពង្រីកវិសាលភាពរបស់ខ្លួន ជាមួយនឹងរាជ​រដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយ​ស្រួលលើការបង់កម្រៃសេវាសាធារណៈ។​

ធនាគារវីងបាន ប្រកាសជាផ្លូវការ លើការប្រមូលប្រាក់​ទូទាត់ថ្លៃសេវាសាធារណៈ​របស់ដៃគូក្រសួង​សាធារណការ និងដឹកជញ្ជូន លើសេវាទូទាត់​តាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម។

ការផ្តល់ជូននេះ នឹងផ្លាស់ប្តូរការបង់កម្រៃសេវាសាធារណៈពីការបង់ជាសាច់ប្រាក់ មកការបង់ប្រាក់តាមបែបបច្ចេកវិទ្យា សម្រាប់ប្រជាពលរដ្ឋដែល​ប្រើសេវាកម្មរបស់​ក្រសួង​សាធារណការ និងដឹកជញ្ជូន ដូចជា ការចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការផ្តល់បណ្ណបើកបរយានយន្ត។

ដូច្នេះប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបង់កម្រៃដោយមិនចាំបាច់រង់ចាំយូរ ឬធ្វើដំណើរផ្លូវឆ្ងាយ។ អ្វីដែលលោកអ្នកត្រូវការ គឺគ្រាន់តែទៅកាន់គេហទំព័រ​របស់​ក្រសួង​​សាធារណការ ដើម្បីចុះឈ្មោះ រួចជ្រើសរើសវីងសម្រាប់ការទូទាត់។  អតិថិជនអាចធ្វើការទូទាត់តាមរយៈគណនីវីង ឬតាមភ្នាក់ងារវីងដែល​មាននៅទូទាំងប្រទេស ដោយគ្រាន់​តែយកវិក្កយបត្រដែលព្រីនចេញមកពីប្រព័ន្ធស្វ័យប្រវត្តិកម្ម យកទៅឲ្យភ្នាក់ងារវីងដើម្បីធ្វើការទូទាត់ជាការស្រេច។

លោក ចូចូ មាឡូឡូស នាយកប្រតិបត្តិធនាគារឯកទេសវីង បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយកាត់បន្ថយពេលវេលា ការចំណាយក្រៅផ្លូវការ ថែមទាំងមាន​សុវត្ថិភាព និងងាយស្រួល​ទៀតផង នៅពេលដែលពួកគេចង់ទូទាត់ថ្លៃសេវាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង។

លើសពីនេះទៅទៀត លោកបន្ដថា វាគឺជាជំហានថ្មីមួយទៀតនៅក្នុងការនាំយកសេវាទូទាត់សាច់ប្រាក់ តាមបែបទំនើបកម្មពីធនាគារវីងជូនដល់ប្រជាជនកម្ពុជា។ អតិថិជនមិនចាំបាច់រង់ចាំយូរដូចមុននោះទេ ដោយអ្វីៗគ្រប់យ៉ាងនឹងត្រូវប្រតិបត្តិការតែមួយភ្លែតតែប៉ុណ្ណោះ។

ដើម្បីចុះឈ្មោះសេវាកម្មផ្សេងៗ អតិថិជនគ្រាន់តែ ទៅកាន់គេហទំព័រខាងក្រោម ៖
- កាចុះបញ្ជីយានជំនិះ https://vehicle.mpwt.gov.kh
- ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះhttps://techinspection.mpwt.gov.kh
- ការផ្តល់បណ្ណបើកបរយានយន្តhttps://driverlicense.mpwt.gov.kh

វីង គឺជាធនាគារឯកទេស ដែលផ្តល់សេវាកម្មផ្ទេរប្រាក់ចល័តឈានមុនគេនៅក្នុងប្រទេសកម្ពុជា ដូចជា ផ្ញើប្រាក់ ទូទាត់វិក្កយបត្រ ទិញកាតទូរស័ព្ទសេវាបើកប្រាក់បៀវត្តន៍ ការទូទាត់ចំណាយតាមអ៊ីនធឺណិត វីងគិតលុយ (ការទូទាត់ដោយប្រើកាតវីង) និងសេវាផ្ទេរប្រាក់ពីក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.wingmoney.com ឬទាក់ទងមកលេខ 023 999 989/ 012 999 489៕