(ព្រៃវែង)៖ កម្លាំងជំនាញរបស់ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈនេះ បានបន្ត ប្រតិបត្តិការជីករកគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដែលបន្សល់ទុក ដោយអាមេរិកទម្លាក់មកលើទឹកដីកម្ពុជា ក្នុងខេត្តព្រៃវែង បន្ទាប់ពីបើកប្រតិបត្តិការនៅថ្ងៃទី២ ខែកុម្ភៈម្សិលមិញ រកឃើញគ្រាប់មិនទាន់នៅឡើយនោះ។

បើតាមលោក ហេង រតនា អគ្គនាយក CMAC បានបញ្ជាក់ថា CMAC ចង់ឲ្យប្រតិបត្តិការដោះគ្រាប់បែកនេះ ធ្វើឲ្យបានរួចរាល់ឲ្យបានឆាប់បំផុត ដើម្បីកុំឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ។ ជាទូទៅប្រតិបត្តិការ អាចចំណាយពេលពី១ថ្ងៃទៅ២ថ្ងៃ តែប្រសិនបើវាស្មុគស្មាញ អាចត្រូវចំណាយពេល៥-៦ថ្ងៃ។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ប្រមាណ២លាន៨សែនតោន ដែលរួមមានគ្រាប់បែកគីមីផងដែរ ដោយបានសម្លាប់ជាង៥០០,០០០នាក់ និងកំទេសផ្ទះសំបែងខែ្មររាប់ម៉ឺន​ខ្នងផងដែរ៕