(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់ក៏មានបុរស ២នាក់ ជាឪពុកនិងកូន បានស្លាប់យ៉ាងអាណោចអាធ័ម និងមានអ្នករងរបួស ២នាក់ទៀត ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីនមួយដ៏កក្រើក ស្ថិតនៅភូមិចាថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ត្រង់ចំណុច VA ៣៨២០០-៨៦៣០០។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍គួរឲ្យរន្ធត់នេះ កើតឡើងនៅយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលម៉ិញ។ ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ ឆាយ បឿន អាយុ៦៥ឆ្នាំ ត្រូវជាឪពុក និងឈ្មោះ ប៉េង ស៊ីម អាយុ១៣ឆ្នាំ ត្រូវជាកូន រស់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រសាទ។ ចំណែកអ្នករងបួសមានឈ្មោះ រស់ ភាន អាយុ៥៥ឆ្នាំ រងរបួសដៃទាំងស្រាល និងឈ្មោះ ឈិន ប៊ុនធឿន រងរបួសស្រាល រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ ក្រុមជនរងគ្រោះបាននាំគ្នាចូលទៅជីកកកាយដីយកគល់ឈើបេង ដោយមិនបានប្រុងប្រយ័ត្ន ក៏ទៅប៉ះគ្រាប់មីនដែលនៅជិតនោះតែម្ដង ទើបបណ្តាលឲ្យផ្ទុះគ្រាប់ស្លាប់ និងរបួសតែម្តង។
ក្រោយពីកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកត្រពាំងប្រាសាទ។ ចំណែកសាកសពជនរងគ្រោះទាំងពីរ ត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕