(បន្ទាយមានជ័យ)៖ រយៈពេល២ថ្ងៃមកនេះ ពោលគឺនៅថ្ងៃទី២-៣ ខែកុម្ភៈ ឆ្នាំ២០១៧ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាង៣០០០នាក់ បានចូលរួមផ្សព្វផ្សាយច្បាប់គ្រឿងញៀន នៅវិទ្យាល័យថ្មពួក ស្រុកថ្មពួក វិទ្យាល័យស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក ចាប សុផាឫទ្ធិ ស្នងការរងនគបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានការណែនាំពី ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ ចុះណែនាំពីបញ្ហាគ្រឿងញៀន ដល់សិស្សានុសិស្សតាមសាលារៀន និងតាមមូលដ្ឋាននានា។
លោកស្នងការរងបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ត្រូវបញ្ជូលការអប់រំផ្សព្វផ្សាយច្បាប់គ្រឿងញៀននេះ ឲ្យបានជ្រោតជ្រាបដល់សិស្សានុសិស្សាផង និងលុបបំបាត់គ្រឿងញៀនទាំងស្រុង ក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់គ្រឿងញៀននោះ សិស្សានុសិស្សបានប្ដេជ្ញាចិត្តទាំងគ្នាដោយស្រែកខ្លាំងៗថា «យើងទាំងអស់គ្នាត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន ឲ្យយើងទាំងអស់គ្នាក្លាយជាទំពាំងស្នងឫស្សី ដើម្បីបម្រើក្រុមគ្រួសារ និងសង្គមជាតិយើង នាពេលថ្ងៃអនាគត»។
លោកស្នងការរងបានសង្គត់ធ្ងន់ៗថា «បើលោកគ្រូ អ្នកគ្រូ ប្អូនសិស្សានុសិស្ស ប្រជាពលរដ្ឋណាម្នាក់ ប្រទះឃើញការលួចលាក់ចែកចាយ ជួញដូរ ប្រើប្រាស់កន្លែងណា ត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរ សមត្ថកិច្ចដែលនៅក្បែរយើង» តាមរយៈលេខទូរស័ព្ទ លោកស្នងការរងផ្ទាល់ 012 355 666 និងតាម Facebook Page Chap Sopharith និង Facebook Page នគរបាលប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ ដល់កម្លាំងសមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចណាដែលស្គាល់ ហើយការទទួលព័ត៌មានពីអ្នកទាំងអស់គ្នា កម្លាំងសមត្ថកិច្ចនឹងលាក់ការការពារសុខសុវត្ថិភាពជូន ១០០ភាគរយ៕