(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំនៃអគារសេនាធិការដ្ឋាន ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កំពុងបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការលើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
កម្មវិធីនេះ ក៏មានការចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត ស្នងការរង ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបបានអញ្ជើញចូមរួមផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង ហីុ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា "កងរាជអាវុធហត្ថជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ គឺជាទ័ពជំនាញដែលមានតួនាទី ភារកិច្ច រក្សាការពារសន្តិសុខ សណ្នាប់ធ្នាប់សាធារណៈ ស្រាវជ្រាវទប់ស្កាត់ បង្ក្រាបបទល្មើស សហការពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយផ្សេងៗ។ ដើម្បីសម្រេចបាននូវភារកិច្ចខាងលើ ចាប់ពីឆ្នាំ១៩៩៩មកដល់បច្ចុប្បន្នកងរាជអាវុធហត្ថបានធ្វើការកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសបានធ្វើការកែសម្រួលរចនាសម្ពន្ធក្របខណ្ឌ ចាត់តាំងកងរាជអាវុធហត្ថ"។