(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ខ្លួនចង់កែសម្រួលតម្លៃប្រើប្រាស់អគ្គិសនីសារជាថ្មី ពោលគឺតម្លៃប្រើប្រាស់ នៅពេលថ្ងៃថ្លៃជាងពេលយប់ ហើយការងារនេះ អាជ្ញាធរអគ្គិសនីក៏បានអំពាវនាវ សុំជាមតិយោបល់ពីអតិថិជន អ្នកប្រើប្រាស់ជាមុនសិនផងដែរ។
អាជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ថា ខ្លួនបានពិនិត្យ គណនាលើសំណើសុំរបស់អគ្គិសនីកម្ពុជា (EDC) ដែលបានសុំកែសម្រួលបញ្ជីថ្លៃលក់អគ្គិសនីតាមពេលវេលា ដើម្បីផ្ដល់ជម្រើសដល់អ្នកលក់ធុនធំ ភ្ជាប់លើតង់ស្យុងមធ្យម ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម។ ទាំងអតិថិជនកំពុងប្រើប្រាស់ និងអតិថិជនថ្មី ក៏អាចបង្វែរ និងជ្រើសរើសយកជម្រើស ថ្លៃអគ្គិសនីណាមួយក៏បាន ពោលគឺ ពេលថ្ងៃអត្រាថ្លៃខ្ពស់ និងពេលយប់អត្រាថ្លៃទាប។
អាជ្ញាធរអគ្គិសនី ក៏បានអំពាវនាវសុំការពិគ្រោះយោបល់ លើគម្រោងកែសម្រួលបញ្ជីថ្លៃលក់អគ្គិសនីនេះផងដែរ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រោយថ្ងៃទី២៨ ខែកុម្ភៈ គម្រោងកែសម្រួលថ្លៃអគ្គិសនីតាមពេលវេលានេះ នឹងដំណើរការទៅតាមការកំណត់ក្នុងច្បាប់ ស្ដីពីអគ្គិសនីនៃកម្ពុជា៕
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ដូចខាងក្រោម៖