(អង់គ្លេស)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការនគរបាលជាតិកម្ពុជា ជួបពិភាក្សាការងារ និងចុះអនុស្សរណៈយោគយល់គ្នាជាមួយ លោក Steve Reynolds អនុប្រធានទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិអង់គ្លេស (NCA)។
ការពិភាក្សា និងចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងនៅទីក្រុងឡុង នៃចក្រភពអង់គ្លេស នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងយល់ពីការប្រយុទ្ធប្រឆាំង បទឧក្រិដ្ឋពាក់ព័ន្ធទៅនិងការជួញដូរផ្លូវភេទ អាណាចារលើកុមារ បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋផ្សេងៗទៀត។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា បង្កើនកិច្ចសហប្រតិបត្តិការ ទៅលើការងារផ្លាស់ប្តូរព័ត៌មាន ការងារបណ្តុះបណ្តាល ក៏ដូចជាការផ្លាស់ប្តូរប្រតិភូទៅវិញទៅមកផងដែរ។
ក្រៅពីជំនួបនេះ ភាគីទាំងពីរក៏បានចុះអនុស្សរណៈ លើការយោគយល់ទៅលើអនុស្សរណៈ ដែលបានចុះរួមគ្នាកាលពីឆ្នាំ២០១៤ ដែលពេលនេះត្រូវធ្វើបច្ចុប្បន្នភាពផ្លាស់ប្តូរ នូវខ្លឹមសារមួយចំនួន។
លើសពីនេះទៅទៀតនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Will Kerr ប្រធានស្ថាប័នប្រឆាំងការ កេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអ៊ីនធឺណេត (CEOP) ដើម្បីផ្លាស់ប្តូរបទសោធន៍ ទៅការងារអនុវត្តមួយចំនួន ក្នុងការបង្ការទប់ស្កាត់បទល្មើស ពាក់ព័ន្ធប្រឆាំងការជួញដូរមនុស្ស តាមប្រព័ន្ធអ៊ីនធឺណេត។ ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ក៏បានស្នើឲ្យប្រធានស្ថាប័ន CEOP ជួយបណ្តុះបណ្តាលដល់នគរបាលជាតិកម្ពុជា លើការប្រយុទ្ធប្រឆាំង ការជួញដូរមនុស្សផងដែរ។
ឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ក៏បានអញ្ជើញចូលរួមក្នុង ពិធីប្រគល់សញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកច្បាប់របស់កូនស្រី នៅសាកលវិទ្យាល័យ City University of London ផងដែរ៕