(ពោធិ៍សាត់)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថា កំលាំងជំនាញស៉ីម៉ាក់ កំលាំងកងខេមរភូមិន្ទ និងកងនគរបាល ដែលឡើងលើភ្នំទៅកំទេចគ្រាប់លាក់ទុក សម័យសង្គ្រាមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់នោះបានគំទេចចោលគ្រាប់ទាំងអស់ចំនួន១២៣០គ្រាប់ ដោយជោគជ័យ។
លោកថា តាមការរាយការណ៍ដំបូងថា មានចំនួនប្រមាណ៥០០គ្រាប់ ប៉ុន្តែជាក់ស្តែងមានរហូតដល់ជាង១២០០គ្រាប់។
អគ្គនាយកស៉ីម៉ាក់រូបនេះ ក៏បានថែ្លងអំណរគុណមន្ត្រីជំនាញទាំងអស់ ដែលបានពុះពាររាល់ឧបសគ្គ លំបាកស្មុគស្មាញ ទាំងភូមិសាស្ត្រ និងមធ្យោបាយគាំទ្រប្រតិបតិ្តការ ដើម្បីសំរេចបានការកំទេចចោលគ្រាប់យុទ្ធភ័ណ្ឌទាំងនេះ ដើម្បីធានាបានសេចក្តីសុខសុវតិ្ថភាពជូនជាតិ និងប្រជាជន។
លោកថា គ្រាប់ជាង១២០០គ្រាប់ ដែលសុទ្ធតែជាប្រភេទរ៉ុកកែតបាញ់បុញនេះ (rocket launchers) ប្រសិនប្រើប្រាស់ក្នុងការវាយប្រយុទ្ធគ្នាវិញ អាចបាញ់សម្លាប់គូសត្រូវយ៉ាងសាហាវ អាចបាញ់កំទេចសាលា វត្តអារាម ផ្ទះសំបែង ជាពិសេសរថយន្តគ្រប់ប្រភេទ។
ជាមួយគ្នាននេះ លោកក៏បានអំពាវនាវ ដល់យុវជនជំនាន់ក្រោយ ដែលមិនធ្លាប់មានពិសោធន៍ ពីបញ្ហាសង្គ្រាមស៉ីវិល នៅក្នុងប្រទេសកម្ពុជា ត្រូវខិតខំស្វែងយល់ឲ្យបានស៉ីជំរៅបំផុត អំពីសោកវិនាសកម្ម និងផលលំបាកនៃសង្គ្រាមនោះ នឹងអាចយល់ពីតំលៃពិតនៃសន្តិភាព ដែលកំពុងមានបច្ចុប្បន្ន មានន័យនិងផលប្រយោជន៍ធំធេងយ៉ាងណា៕