(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនយុវជនល្មោភកាមម្នាក់ ក្រោយចាប់រំលោភបានសម្រេចម្តងហើយ នៅមិនទាន់អស់ចិត្តចាប់ទាញដៃម្តងទៀត តែមិនសម្រេច ក៏ត្រូវជនរងគ្រោះធាក់មួយជើង ចំពោះខ្ទាតចេញ ហើយបានស្ទុះរត់ចេញទៅបន្ទប់ខ្លួនវិញ។
លុះដល់ព្រឹកម៉ោង៧ ថ្ងៃទី០១ ខែកុម្ភៈ ម្សិលម៉ិញ ទើបយុវតីជនរងទៅដាក់ពាក្យបណ្តឹង ពាក់ព័ន្ធរឿងរ៉ាវខាងលើ។ ហើយនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ទើបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ចុះឃាត់ខ្លួនជនសង្ស័យបានតែម្តង នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ វ៉ាន កាណាន់ អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ យ សល អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយម្តាយ ក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅ ឃាត់ខ្លួននាំទៅសាកសួរនាំ និងកសាងសុំណុំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕