(មណ្ឌលគិរី)៖ ក្មេងប្រុសជនជាតិព្នងម្នាក់ ក្នុងស្ថានភាពជើងពិការ សម្លៀកបំពាក់រយ៉េរយ៉ៃ បានតស៊ូដើរទៅរៀនដល់ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងជីវភាពត្រដាប់ត្រដុះ ឃើញដូច្នេះទើបប្អូនប្រុសលើកដៃអំពាវនាវ សុំការជួយឧបត្ថម្ភពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសប្បុរសជនជិតឆ្ងាយ ដើម្បីផ្ដល់លទ្ធភាពដល់ប្អូនប្រុសរូបនេះ ទទួលបានការរៀនសូត្រចប់ចុងចប់ដើម។
បើតាមលោកស្រី ហែម រមនា នាយិការអនុវិទ្យាល័យមនោរម្យ ស្ថិតក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា ក្មេងប្រុសពិកាម្នាក់នេះ មានឈ្មោះ វ៉ាស់ ណយ អាយ១៣ឆ្នាំ រស់នៅភូមិដំរីជាន់ សង្កាត់រមនា ក្រុងសែនមនោរម្យ រៀននៅថ្នាក់ទី៧A ហើយអ្នកគ្រូជាអ្នកបង្រៀនដល់ក្មេងប្រុសនេះផ្ទាល់។
ក្នុងសម្លៀកបំពាក់រហែករយ៉េរយ៉ៃ ជើងឆ្វេងពិកាត្រឹមជង្គង់ពាក់ជើងសប្បនិមិត្ម ក្នុងសភាពសឹកដាច់រិចរិល ប្អូនប្រុសបានប្រាប់ថា ប្អូនពិកាជើងដោយសារ ពស់ចឹកទើបត្រូវកាត់ជើងចេញ អស់រយៈពេល ២ឆ្នាំមកហើយ តាំងពីប្អូនរៀននៅថ្នាក់ទី៥មកម្ល៉េះ កាលណោះ រូបប្អូនបានចូលព្រៃជាមួយប្អូនរបស់ខ្លួន ដើម្បីដើររើសជ័រទឹកក្នុងព្រៃ បានប្រាក់បន្តិចបន្តួចយកមកដោះស្រាយជីវភាព និងការរៀនសូត្រ។ ចាប់តាំងពីប្អូនធ្លាក់ខ្លួនពិកាមក ប្អូនមិនអាចដើររកប្រាក់បានទៀតទេ។
ឃើញសភាពបែបនេះ ក្រុមអ្នកសារព័ត៌មាន បានធ្វើការរៃប្រាក់គ្នាជូនប្អូនពិកាបានចំនួន ២០ម៉ឺនរៀល ដើម្បីយកទៅដោះស្រាយទិញសម្លៀកបំពាក់។
ប្អូនប្រុសបានបន្តថា ការវះកាត់ជើងពិកានេះ ១០ដងមកហើយ ឥឡូវនេះពុំទាន់បានជាស្រួលបួលនៅឡើយទេ ហើយទាក់ទងនឹងថវិកា សម្រាប់ព្យាបាលបន្តនោះ គ្រួសារប្អូនគ្មានលទ្ធភាពដោះស្រាយឡើយ។
លោកស្រីនាយិការ ហែម រមនា និងលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅអនុវិទ្យាល័យមនោរម្យ បានធ្វើការអំពាវនាវជំនួសបងប្អូនប្រុស ជម្រាបដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយដល់ប្អូនប្រុសពិកាម្នាក់នេះ ព្រោះគាត់ចង់រៀនសូត្រឲ្យមានចំណេះដឹងនឹងគេដែរ។
ម៉្យាងវិញទៀត លោកស្រីនាយិការ និងលោកគ្រូ អ្នកគ្រូអនុវិទ្យាល័យមនោរម្យ ក៏បានសំណូមពរដល់ សម្តេចតេជោ ហ៊ុន សែន និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានា សុំឲ្យជួយឧបត្ថម្ភសាងសង់អគាស្នាក់នៅមួយ សម្រាប់សិស្សក្រីក្របានស្នាក់នៅរៀនសូត្រ ព្រមទាំងខ្លោងទ្វារសាលាផងដែរ។
លោកស្រីនាយិការបានបន្តថា សព្វថ្ងៃនេះ សិស្សមកពីភូមិឆ្ងាយៗអាចស្នាក់នៅក្នុងវត្ត បានតែសម្រាប់សិស្សប្រុសៗទេ រីឯសិស្សស្រីៗគាត់អត់មានកន្លែងស្នាក់នៅឡើយ ដូច្នេះអត្រនៃការបោះបង់សិក្សា កំពុងចោទខ្លាំងលើពួកគេ៕