(ភ្នំពេញ)៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរបស់រដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា រដ្ឋសភា ពេលនេះកំពុងគិតគូរ អំពីរៀបចំពិធីសូត្រមន្តបណ្តេញឧបទ្រពចង្រៃចេញរដ្ឋសភា។
ការគិតគូរអំពីការរៀបចំពិធីសូត្រមន្តនេះ បានធ្វើឡើងបន្ទាប់ពីមានករណីផ្ទុះរឿងអាស្រូវផ្លូវភេទ របស់អ្នកតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។ បណ្តាញសង្គម Facebook ឈ្មោះ «សីហា» បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យរដ្ឋសភារៀបចំពិធីសូត្រមន្តនេះផងដែរ។
លោក ឡេង ប៉េងឡុង បាននិយាយថា ការរៀបចំពិធីសូត្រមន្ត បណ្តេញឧបទ្រពចង្រៃ អាចនឹងធ្វើឡើងនៅពេលខាងមុខ។ លោកអះអាងថា «យើងបានគិតអំពី ការរៀបចំពិធីសូត្រមន្ត ហើយខាងមុខនេះ យើងនឹងរៀបចំពិធីធំមួយ»។ លោកបញ្ជាក់ថា ការរៀបចំពិធីនេះ អាចនឹងធ្វើនៅអំឡុងបុណ្យចូលឆ្នាំ ក៏ប៉ុន្តែបើមានភាព ចាំបាច់ នឹងអាចធ្វើមុន និងក្រោយបុណ្យនេះក៏ថាបាន។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំវិសមញ្ញរបស់រដ្ឋសភា ដើម្បីធ្វើវិសោធនកម្មប្រកាស៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីព័ត៌មានស្តីពីរឿងអាស្រូវនេះដែលបែកធ្លាយតាមបណ្តាញសង្គម Facebook ហើយសម្តេចបានជំរុញឱ្យ រដ្ឋសភា ធ្វើការសូត្រមន្តបណ្តេញឧបទ្រពចង្រៃចេញពីរដ្ឋសភា ដោយចាត់ទុកថា ទង្វើបែបនេះ មិនល្អសម្រាប់រដ្ឋសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ឱ្យដឹងថា រហូតដល់ពេលនេះ រដ្ឋសភាកំពុងធ្វើការស្រាវជ្រាវអំពីរឿងអាស្រូវនេះ ហើយថា បើសិនជារឿងនេះពិតប្រាកដមែន អគ្គលេខាធិការនឹងសុំគោលការណ៍ពីសម្តេចប្រធាន៕