(ភ្នំពេញ)៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានចាត់ទុកថា ការធ្លាយរឿងអាស្រូវផ្លូវភេទ នៅក្នុងវិមានរដ្ឋសភា គឺជាឱ្យស្ថាប័នកំពូល នេះបាត់បង់សេចក្តីថ្លៃថ្នូ។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា បើរឿងអាស្រូវនេះជារឿងពិតមែននោះ វាជាអំពើ «ថោកទាបខ្លាំងណាស់» របស់សមាជិកសភារូបនោះ ។
ការលើកឡើងរបស់ ប្រធានគណបក្សអំណាចខ្មែរ បានធ្វើឡើងបន្ទាប់ពីបណ្តាញសង្គម Facebook បានទម្លាយរឿងអាស្រូវផ្លូវភេទរវាង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ជាមួយនឹងលេខារបស់ខ្លួនឈ្មោះ គង់ វណ្ណា នៅក្នុងបន្ទប់រដ្ឋសភា។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំវិសមញ្ញរបស់រដ្ឋសភា ដើម្បីធ្វើវិសោធនកម្មប្រកាស៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលេចអំពីព័ត៌មានស្តីពីរឿងអាស្រូវនេះដែលបែកធ្លាយតាមបណ្តាញសង្គម Facebook ហើយសម្តេចបានជំរុញឱ្យ រដ្ឋសភា ធ្វើការសូត្រមន្ត បណ្តេញឧបទ្រពចង្រៃចេញពីរដ្ឋសភា ដោយចាត់ទុកថា ទង្វើបែបនេះធ្វើឱ្យបាត់បង់សេរីសួស្តីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូលរបស់ជាតិ។
លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា «សមាជិកសភា និងសមាជិករដ្ឋាភិបាល ត្រូវមានតម្លៃគ្រួសារថ្លៃថ្នូរ ជាគំរូសម្រាប់សង្គម និងពលរដ្ឋ។ វិមានរដ្ឋសភា ជាទីកន្លែងធ្វើការរបស់សមាជិកសភា ដើម្បីបម្រើពលរដ្ឋមិនមែនជាបន្ទន់កំសានផ្លូវភេទ ឬជាបនបារទេ។ បើរឿងអាស្រូវនេះ ជារឿងពិតមែននោះ វាជាអំពើរថោកទាបខ្លាំងណាស់ របស់សមាជិកសភារូបនោះ ដែលយកភាពជាតំណាងរាស្ត្រ ទៅប្រព្រឹត្តិរឿងអាណាចារ ក្នុងទីកន្លែងធ្វើការ»។
ទោះជាយ៉ាងណា អង្គភាពព័ត៌មាន Fresh News ពុំទំនាក់ទំនង លោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និង នារីឈ្មោះ គង់ វណ្ណា បាននៅឡើយទេ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ៕
សូមស្តាប់សម្លេងសន្ទនារបស់លោក យ៉ែម បុញ្ញប្ញទ្ធិ និងលេខារបស់ខ្លួន ដែលត្រូវបាន Facebook ទម្លាយកាលពីយប់មិញ៖