(ភ្នំពេញ)៖ បក្សមិនល្បីឈ្មោះពីរ គឺគណបក្សមហាសាមគ្គីខ្មែររបស់លោក ញ៉ែម វណ្ណថន និងគណបក្សយុវជនកម្ពុជារបស់ លោក ពេជ្រ ស្រស់ បានសម្រេចចែកផ្លូវគ្នាដើរវិញហើយ បន្ទាប់ពីបានចងសម្ព័ន្ធភាពជាមួយគ្នាមិនបានមួយសប្តាហ៍ផងនោះ ព្រោះតែទស្សននយោបាយ និងការធ្វើការមិនចុះសម្រុងគ្នា។
លោក ពេជ្រ ស្រស់ បានបញ្ជាក់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះថា ការសម្រេចលុបនេះ ដោយសារភាគីទាំងពីរមិនអាចអនុវត្តកិច្ចព្រមព្រៀង ហើយដោយសារតែគណបក្សនយោបាយទាំងពីរចង់ប្រើសិទ្ធិនយោបាយគណបក្សខ្លួនប្រឡូកនយោបាយវិញ។ លោក ពេជ្រ ស្រស់ បន្ថែមថា ការលុបចោលនេះមិនបានកើតចេញពីការឈ្លោះប្រកែកគ្នាឡើយ។
ប្រធានគណបក្សយុវជនកម្ពុជា បានបញ្ជាក់ថា «កិច្ចព្រមព្រៀងគណបក្សមហាសាមគ្គីខ្មែរ បានលុបចោល ចឹងយើងក៏សម្រេច ប្រើសិទ្ធិនយោបាយរបស់គណបក្សរៀងៗខ្លួន យើងមិនមានអ្វីឈ្លោះប្រកែកគ្នាអ្វីនោះទេ យើងស្ម័គ្រចិត្តបែកគ្នាតាមផ្លូវដោយប្រើសិទ្ធិរៀងៗខ្លួន»។
លោក ពេជ្រ ស្រស់ បានបន្ថែមថា ដរាបណារូបលោកនៅតែជាប្រធានគណបក្សយុវជនខ្មែរ គឺគណបក្សនេះមិនអាចចូលរួមជាមួយ គណបក្សណាមួយទាំងអស់ ដោយសារពេលចូលរួមជាមួយគ្នាធ្វើការមិនត្រូវរ៉ូវគ្នា ដែលធ្វើឲ្យខាតពេលវេលា។ ដូចនេះទុកលទ្ធភាពឲ្យគណបក្សយុវជនខ្មែរ ធ្វើការងារដោយខ្លួនឯងបានប៉ុណ្ណា គឺនឹងទទួលយកប៉ុណ្ណឹង។
សូមបញ្ជាក់ថា លោក ញ៉ែម វណ្ណថន ប្រធានគណបក្សមហាសាមគ្គីខ្មែរ និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នាក្នុងបំណងបង្កើនប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ខាងមុខនេះ។
លោក ពេជ្រ ស្រស់ បានអះអាងនាពេលចុះហត្ថលេខានោះថា ការចងសម្ព័ន្ធភាព គឺដើម្បីបង្ហាញពីការរៀនធ្វើការរួមគ្នាក្នុងសង្គមនយោបាយខ្មែរ។ តែជាការសោកស្តាយអាយុកាលសម្ព័ន្ធភាពនេះបានត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បានបែកបាក់វិញហើយ៕