(ភ្នំពេញ)៖ ក្នុងចំណោមបណ្តឹងរបស់គណបក្សសង្រ្គោះជាតិចំនួន ១២បណ្តឹង ដែលត្រូវបានលើកយកមកប្រជុំដោះស្រាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ឲ្យគណៈកម្មាធិការជាតិ រៀបចំការ​បោះឆ្នោត​លុបឈ្មោះ អ៊ូ ចាន់ធី ចេញពីបញ្ជី ឈ្មោះបោះឆ្នោត ព្រោះពិនិត្យឃើញថា ឈ្មោះនេះ មិនមាន​ក្នុងបញ្ជីបោះឆ្នោត​ដំបូងក្នុងសង្កាត់ផ្សារកណ្ដាលទី២។

នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមប្រឹក្សាធម្មនុញ្ញដែលមានលោក អ៉ឹម ឈុនលឹម ជាប្រធាននោះ លើកយកបណ្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតចេញពី​បញ្ជីឈ្មោះឆ្នោតថ្មី ដែលប្តឹងដោយគណបក្សសង្រ្គោះជាតិចំនួន ១២បណ្តឹងយកមកពិភាក្សា និងដោះស្រាយ។ ក្នុងបណ្តឹងទាំង ១២នេះ សុទ្ធតែត្រូវបានក្រុមប្រឹក្សា​ធម្មនុញ្ញច្រានចោល។

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា បណ្ដឹងរបស់លោក ខឿន រីរ៉ាត់ លោក យឹម វណ្ណា លោក សៀន វណ្ណៈ លោក ឌិន វ៉ារិន លោក គង់ បូរ៉ា លោក សៀង រ៉ាវី លោក ហ៊ង ហេង ដែលជាតំណាងរបស់គណបក្សសង្គ្រោះជាតិនោះ ពុំមានឯកសារឫភស្ដុតាងណាមួយ ដែលអាចឲ្យក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ សេចក្ដីសម្រេច​របស់គណៈ​កម្មាធិការជាតិ​រៀបចំការបោះឆ្នោតបាននោះឡើយ ។

លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសថាសេចក្ដីសម្រេចនេះ គឺជាសេចក្ដីសម្រេចជាស្ថាពរ បិទផ្លូវតវ៉ា និងមានអនុភាព ទៅលើអំណាច​ទាំងអស់ដែលចែង​នៅក្នុងរដ្ឋធម្មនុញ្ញ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវការ ដោះស្រាយបណ្ដឹងរបស់គណបក្សសង្ក្រោះជាតិ ឲ្យលុបឈ្មោះជនបរទេសមួយចំនួន ចេញពីបញ្ជីឈ្មោះបោះឆ្នោត ចាប់តាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ។ មកដល់ត្រឹមថ្ងៃទី០២ ខែកុម្ភៈនេះ បណ្ដឹងចំនួន ២៣ បណ្ដឹងហើយ ត្រូវបានដោះស្រាយ ។

បើតាមមន្រ្តីក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា មានបណ្ដឹងទាំងអស់ចំនួន ៦០បណ្ដឹង ដែលត្រូវបានបញ្ជូនមកឲ្យក្រុមប្រឹក្សាធម្មនុញ្ញដោះស្រាយ។ បណ្ដឹងទាំងអស់នេះ គឺសុទ្ធសឹងជាបណ្ដឹង របស់គណបក្សសង្គ្រោះជាតិ៕