(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ការដំឡើងឋានន្តរសក្តិ ជូនមន្រ្តីអង្គរក្សទាំង៣នាក់ ដែលធ្លាប់វាយលើតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៥ និងទើបតែចេញពីពន្ធនាគារនោះ គឺអនុវត្តន៍តាមបញ្ញត្តិច្បាប់យោធា គ្មានភាពខុសប្រក្រតី​ណាឡើយ។

មន្រ្តីយោធាទាំងបីនាក់ ដែលលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លើកឡើងខាងលើ គឺទី១.មានឈ្មោះ ចាយ សារិទ្ធ ត្រូវបានដំឡើងឋានន្តរសក្តិ ពីវរសេនីយ៍ឯក​ទៅជាឧត្តមសេនីយ៍ត្រី តាមរយៈព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ ចំណែក២រូបទៀត មានឈ្មោះ សុត វណ្ណនី និងឈ្មោះ ម៉ៅ ហឿន ត្រូវបានដំឡើងឋានន្តរសក្តិពី វរសេនីយ៍ទោ ទៅជាវរសេនីយ៍ឯក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។ ករណីនេះ បានបង្កជាចម្ងល់ដល់សាធារណជន ក៏ដូចជាក្រុមអ្នក​សារព័ត៌មានយ៉ាងរសើបមួយ រហូតដល់មានអ្នកខ្លះលើកឡើងថា ហេតុអ្វីបានជាអ្នកវាយតំណាងរាស្រ្តទាំងនោះ ត្រូវបានដំឡើងឋានន្តរសក្តិ បើធ្លាប់ជាប់ពន្ធនាគារនោះ។

ឆ្លើយតបនឹងចម្ងល់ខាងលើ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «រឿងសក្តិរឿងយស គេធ្វើទៅតាមច្បាប់ ទៅតាមលក្ខន្តិកៈរបស់កងយុទ្ធពល​ខេមរភូមិន្ទ មានចែងច្បាស់។ យោធិនដែលបំពេញការងារ គឺមានថេរវេលាច្បាស់លាស់ ឆ្នាំណាត្រូវឡើងសក្តិម្ដង មិនថាតែអង្គរក្សទាំងនោះទេ អ្នកណាក៏ដោយ ក៏ឡើងដូចគ្នាដែរ ឲ្យតែដល់ពេលវេលា គេត្រូវតែដំឡើងសក្តិហើយ»

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ មន្រ្តីអង្គរក្សទាំងបីនាក់ខាងលើ ត្រូវបានតុលាការរាជធានីភ្នំពេញ ប្រកាសសាលក្រមផ្តន្ទាទោសពួកគេ ឲ្យជាប់ពន្ធនាការចំនួន៤ឆ្នាំ ដោយចោទពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» តែអនុវត្តទោសតែ១ឆ្នាំប៉ុណ្ណោះ, ៣ឆ្នាំទៀត ត្រូវព្យួរទុកសិន។ សាលក្រមដដែល ក៏បានកំណត់ឲ្យពិរុទ្ធជនទាំងបីនាក់នោះ បង់ប្រាក់ចូលរដ្ឋក្នុងម្នាក់ៗចំនួន ៦លានរៀល ហើយផ្តល់សំណងរួមគ្នាចំនួន ៨០លានរៀល ជូនលោក គង់ សភា និង លោក ញ៉យ ចំរើន ដែលជាជនរងគ្រោះ៕