(សៀមរាប)៖ គ្រឹះស្ថានអង្គរបានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈនេះថា នៅខែដំបូង ឆ្នាំ២០១៧ ភ្ញៀវទេសចរបរទេសចំនួនជិត៣០ម៉ឺននាក់ បានទិញប័ណ្ណចូលទស្សនាតំបន់អង្គរ ដែលទទួលបានថវិកាជាង៨លានដុល្លារអាមេរិក នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរដែល Fresh News ទទួលបាន។
គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេលពេញ១ខែមករា មានចំនួនភ្ញៀវបរទេសទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ២៨៧,០៤១នាក់ គឺមានការកើនឡើង១៥.៧២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ខណៈចំណូលដែលបានមកពីការលក់សំបុត្រជូនភ្ញៀវ គឺមានចំនួន ៨,៣០៤,៧៤០ដុល្លារអាមេរិក មានការកើនឡើង១៦.១៣%។
ចាប់ពីថ្ងៃទី០១ ខែកុម្ភៈមក តម្លៃប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានអនុវត្តរួមមាន៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ។
នៅក្នុងតម្លៃថ្មីប័ណ្ណចូលទស្សនាទាំង៣ប្រភេទខាងលើនេះ ត្រូវដកចំនួន២ដុល្លារ សម្រាប់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងការព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជា ដែលនេះគឺជាការចូលរួមចំណែក ដោយផ្ទាល់ពីភ្ញៀវទេសចរបរទេស ក្នុងការចូលរួមជួយព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជាផងដែរ។
នៅឆ្នាំ២០១៦កន្លងទៅ គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,១៩៧,២៥៤ នាក់ គឺកើនឡើង ៤.៦៣ភាគរយ ហើយប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ៕