(បន្ទាយមានជ័យ)៖ កម្ពុជា-ថៃ បានឯកភាពគ្នាថា ក្នុងករណីមានពលករណាម្នាក់ លួចឆ្លងដែន និងបានប្រព្រឹត្តខុសច្បាប់ មន្រ្តីពាក់ព័ន្ធនៃប្រទេសទាំង២ ត្រូវរកវិធីដើម្បីឃាត់ខ្លួន រួចធ្វើការណែនាំ ដោយបញ្ឈប់ការប្រើអំពើហិង្សាដាច់ខាត។ មន្រ្តីកម្ពុជា-ថៃ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់របស់ប្រទេសនីមួយៗ យ៉ាងម៉ឺងម៉ាត់ និងផ្ដល់យុត្ដិធម៌ ដោយមិនត្រូវធ្វើការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់នោះឡើយ។
រសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២១០៧ រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានជួបពិភាក្សាជាមួយលោក សាវណិត សុរិយាកុន ណាអាយុទ្ធយ៉ា ( Mr. Savanit Suriya Na Aryutaya ) អភិបាលស្រុកអរ័ញ្ញប្រាថេត ខេត្តស្រះកែវ។ ភាគីទាំង២ បានចូលរួម ពិភាក្សា និងរឹតចំណងសម្ព័ន្ធមេត្រីភាព ឲ្យកាន់តែមានភាពរឹងមាំ និងស្និតស្នាលជាទីបំផុត។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ និងបង្រ្កាបសកម្មភាព ល្មើសច្បាប់ព្រំដែនរួមមាន៖ ការជួញដូរអាវុធជាតិផ្ទុះ, ការជួញដូរគ្រឿងញៀន, ការជួញដូរមនុស្ស, ការនាំមនុស្សឆ្លងដែនខុសច្បាប់, ការលួចកាប់ឈើ, ការនាំទំនិញគេចពន្ធ និងការផ្លាស់ប្តូរព័ត៌មាន ដែលទាក់ទងទៅនឹងឧក្រិដ្ឋកម្មគ្រឿងញៀននៅកន្លែងផលិត ផ្លូវឆ្លងកាត់ ខ្សែរយៈជួញដូរ ទប់ស្កាត់ ការនាំសារធាតុគីមីឆ្លងកាត់ដើម្បី យកមកផលិតគ្រឿងញៀន ដើម្បីពង្រឹងភូមិ-ឃុំ មានសុវត្ថិភាព។
ភាគីទាំង២ បានបង្ហាញការគាំទ្រដល់កិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីន រវាងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនថៃ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីធ្វើការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់សង្គ្រាមក្នុងភូមិសាស្ត្រ ដែលបានកំណត់ឲ្យធ្វើការបោសសម្អាត។
ជាចុងបញ្ចប់ ភាគីទាំងពីរ បានឯកភាពលើការគ្រប់គ្រងពលករកម្ពុជា ដែលចូលមកធ្វើការក្នុងប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់ គឺអនុវត្តទៅតាមនិតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលបានធ្វើកន្លងមកពាក់ព័ន្ធការលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ កម្ពុជា ដើម្បីឲ្យពលករទទួលបាននូវការគ្រប់គ្រង់សិទ្ធ និងសុវត្ថិភាព មិនឲ្យមានការកេងប្រវ័ញ្ច កម្លាំងពលករ និងធ្លាក់ចូលទៅជាការជួញដូរមនុស្ស ក្នុងវិស័យពលករ។ អភិបាលក្រុង-ស្រុកទាំង២ ក៏បានឯកភាពផ្លាស់ ប្តូរព័ត៌មាន ពាក់ព័ន្ធដែលទាក់ទងទៅនឹងការបញ្ជូនជនទេសអន្តោរប្រវេសន៍ខុសច្បាប់ឲ្យត្រឡប់មកប្រទេសដើមវិញ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏បានពិភាក្សារកដំណោះស្រាយ និងបញ្ហាប្រឈម ជាពិសេសការទប់ស្កាត់បទល្មើសផ្សេងៗ ការបញ្ឈប់ការប្រើប្រាស់សំបុត្រ ចេញ-ចូលផ្សាររុងក្លឿរ និងមានការយោគយល់គ្នាខ្ពស់ ដើម្បីបំរើឲ្យប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ ក្នុងនាមជារដ្ឋបាលទាំង២ជាប់ព្រំដែន ភូមិផងជាមួយគ្នា។ ជាការឆ្លើយតប ភាគីថៃបានយកសុំណើរបញ្ហាសំបុត្រចេញ-ចូលផ្សាររុងក្លឿរនេះ ហើយនឹងរៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីដោះស្រាយបញ្ហានេះដើម្បីងាយស្រួលចំពោះប្រជាជនទាំង២៕